ការសិក្សាថ្មី៖ ពលរដ្ឋនៅជប៉ុនទាំងអស់ នឹងមានត្រកូល «Sato» តែមួយ នៅឆ្នាំ ២៥៣១
រាល់ពលរដ្ឋជប៉ុនទាំងអស់ នឹងមានត្រកូលដូចៗគ្នា (Sato) នៅក្នុងឆ្នាំ ២៥៣១ លុះត្រាតែគូស្នេហ៍ដែលរៀបការហើយ អនុញ្ញាតឱ្យប្រើនាមត្រកូលផ្សេងគ្នា ទើបអាចមាននាមត្រកូលផ្សេង នេះបើតាមការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយមណ្ឌលស្រាវជ្រាវប្រចាំមហាវិទ្យាល័យ Tohoku ។
បើតាមកាសែត Mainichi លោកសាស្ត្រាចារ្យ Hiroshi Yoshida ដែលជាអ្នកផ្ដើមគំនិតលើការសិក្សានេះ បានរៀបរាប់ថា៖ «ប្រសិនបើគ្រប់គ្នាមានត្រកូល Sato ទាំងអស់ អ៊ីចឹងយើងនឹងត្រូវហៅគ្នាតាមនាមត្រកូល ឬតាមលេខរៀង ខ្ញុំមិនគិតថាវាល្អក្នុងការរស់នៅហៅគ្នាបែបនេះឡើយ»។
គួរឱ្យដឹងថា បច្ចុប្បន្ន នាមត្រកូល «Sato» គឺជាឈ្មោះមួយ ដែលត្រូវគេពេញនិយមប្រើប្រាស់បំផុតក្នុងប្រទេសជប៉ុន ដោយ ១.៥២៩% នៃពលរដ្ឋជប៉ុនទាំងអស់ បានប្រើប្រាស់ត្រកូលនេះក្នុងឆ្នាំ ២០២៣។ ក្នុងនោះដែរ លោកសាស្ត្រាចារ្យ Yoshida បានព្យាករណ៍ថា ពលរដ្ឋជប៉ុនប្រមាណជាពាក់កណ្ដាល នឹងប្រើប្រាស់នាមត្រកូលមួយនេះ ក្នុងឆ្នាំ ២៤៤៦ ហើយនឹងប្រើត្រកូលតែមួយនេះទាំងអស់គ្នានៅឆ្នាំ ២៥៣១ ប្រសិនបើអត្រានៅតែរក្សាដដែល៕