ជប៉ុន និង ហ្វីលីពីន ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារកោះតៃវ៉ាន់
ប្រទេសជប៉ុន និង ហ្វីលីពីន បានដាក់ចេញការប្រកាសអាសន្នពីរលកយក្សស៊ូណាមិលើតំបន់ជាច្រើនក្នុងប្រទេស ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារលើកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ នេះ។
តាមភ្នាក់ងារ US Geological Survey បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ៧.៤ រ៉ិចទ័រ បានវាយប្រហារឈូងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ នេះ (ពេលវេលាក្នុងតំបន់)។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះដែរ ស្ថិតក្នុងចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រនៃក្រុង Hualien និង បង្កជាការរញ្ជួយខ្លាំងនៅក្នុងតំបន់ជាច្រើនជិតសមុទ្រ។
បើតាមភ្នាក់ងារ Central Weather Administration ប្រចាំកោះតៃវ៉ាន់ បានដាក់ចេញការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ដែលនឹងរំពឹងថាកើតមានឡើងនៅតំបន់ឈូងសមុទ្រភាគខាងជើង ដោយបានប្រកាសឱ្យពលរដ្ឋក្នុងតំបន់ដែលប៉ះពាល់ ធ្វើការជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់។
ស្របពេលជាមួយគ្នានោះដែរ ខាងភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ លើកោះ Miyakojima និង Okinawa ដោយបានលើកឡើងថា រលកយក្សស៊ូណាមិ អាចកើតមានក្នុងកម្ពស់រហូតដល់ ៣ ម៉ែត្រ។ ជាមួយគ្នានោះដែរ ខាងភ្នាក់ងារ ក៏បានប្រកាសឱ្យពលរដ្ឋក្នុងតំបន់ ជម្លៀសខ្លួនទៅកាន់កន្លែងខ្ពស់ ឬ កន្លែងដែលមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។
ដោយឡែកក្នុងពេលជាមួយគ្នានោះដែរ ខាងភ្នាក់ងារនៅប្រទេសហ្វីលីពីន ក៏បានចេញការប្រកាសអាសន្នដូចគ្នាចំពោះពលរដ្ឋរស់នៅតាមបណ្ដាខេត្តមួយចំនួននៅតាមតំបន់ឈូងសមុទ្រ ឱ្យពួកគេជម្លៀសទៅកាន់កន្លែងខ្ពស់ ដើម្បីធានាពីសុវត្ថិភាព៕