ពុ-ទ្ធោ! ខ្លាចមិត្តរួមការងារសុំច្បាប់សម្រាកមាតុភាព ហើយបន្ទុកការងារធ្លាក់លើ បែកគំនិតខូចលួចដាក់ថ្នាំពុលក្នុងទឹកឱ្យមិត្តផឹក
រឿងរ៉ាវមួយត្រូវបានគេចែកចាយពេញបណ្តាញសង្គមចិន ដោយមាននារីមានផ្ទៃពោះម្នាក់ដែលត្រូវមិត្តរួមការងារលួចដាក់ថ្នាំឱ្យផឹក ព្រោះតែខ្ជិលមិនចង់ទទួលបន្ទុកការងារ ពេលដែលនាងត្រូវដាក់ច្បាប់មាតុភាព។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅកន្លែងការងាររដ្ឋមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកន្លែងមួយដ៏តឹងរ៉ឹងបំផុតក្នុងការជ្រើសរើសបុគ្គលិក។ បើទោះជាតឹងតែងក្នុងការជ្រើសរើសយ៉ាងណាក៏ដោយ ក៏នៅតែមានបុគ្គលិកដែលមានគំនិតខូច ចង់កាច់បំបាក់គ្នាឯងដដែល។ ជាក់ស្តែងដូចជារឿងនេះ នារីមានផ្ទៃពោះខាងលើបានរៀបរាប់ឱ្យដឹងថា មួយរយៈក្រោយនេះ នាងមានអារម្មណ៍ថាទឹកនាងផឹកហាក់ដូចជាធុំក្លិនប្លែកៗខុសធម្មតា ដំបូងឡើយនាងស្មានតែមកពីប្រភពទឹកនៅកន្លែងធ្វើការ ក៏បានទិញទឹកមកផឹកវិញ តែក៏នៅតែធុំក្លិនដូចដើម។
ក្នុងនោះ នាងបានពិភាក្សាជាមួយនឹងមិត្តរួមការងារជិតស្និទ្ធ ហើយក៏បានលួចដាក់កាមេរ៉ានៅជិតតុធ្វើការមើល ស្រាប់តែឃើញថាមានអ្នករួមការងារម្នាក់ទៀត បានលួចដាក់ថ្នាំពុលនៅក្នុងដបទឹករបស់នាង។ យ៉ាងណាមិញ នាងក៏បានប្រមូលវីដេអូធ្វើជាភស្តុតាងដើម្បីដំណើរការរឿងនេះទៅតាមផ្លូវច្បាប់ផងដែរ ហើយមិនយូរប៉ុន្មាន ក៏បានដឹងពីមូលហេតុដែលស្រ្តីនោះហ៊ានដាក់ថ្នាំពុលនៅក្នុងទឹករបស់នាង។
ស្រ្តីនោះបានឱ្យដឹងថា ខ្លួនហ៊ានដាក់ថ្នាំបែបនេះ ក៏ព្រោះតែមិនចង់ឱ្យនាងបានសុំច្បាប់ទៅសម្រាលកូន ពោលគឺខ្លាចបន្ទុកការងារធ្លាក់មកលើខ្លួនតែម្នាក់ឯង។ ដោយឡែក មហាជនពិតជាមានការហួសចិត្តខ្លាំង ព្រោះមិននឹកស្មានថាមានអ្នកហ៊ានធ្វើបែបនេះ ដាក់អ្នករួមការងារជាមួយគ្នា ដោយគ្រាន់តែការខ្លាចការទទួលបន្ទុកការងារសោះ៕