ស្ញប់ស្ញែង! ស៊ូលើកដៃស្ដាំឡើងមិនខ្ចីដាក់ចុះរយៈពេលជាង ៥០ ឆ្នាំ ដើម្បីតែចង់ឱ្យពិភពលោកមានសន្តិភាព
អ្នកប្រតិបត្តិសាសនាម្នាក់នៅឥណ្ឌា ឈ្មោះ Amar Bharati ត្រូវបានមហាជននៅឥណ្ឌាស្គាល់ថា ជាបុរសម្នាក់ដែលផ្សព្វផ្សាយសំឡេងតស៊ូចង់ឱ្យពិភពលោកមានសុខសន្តិភាពរយៈពេលជាង ៥០ ឆ្នាំមកនេះ ដោយការលើកដៃស្ដាំឡើងលើ ដោយគ្មានទម្លាក់ចុះ។
តាមឱ្យដឹង លោក Bharati កាលពីមុន ធ្លាប់រៀបការ និង មានកូនចំនួន ៣ នាក់ ដែលធ្វើការជាស្មៀននៅក្រុង New Delhi។ យ៉ាងណាមិញ ខ្សែជីវិតរបស់លោកត្រូវបានផ្លាស់ប្ដូរ នៅក្នុងឆ្នាំ ១៩៧០ នៅពេលដែលលោកដាក់ពាក្យលាឈប់ពីការងារ ចាកចេញពីក្រុមគ្រួសារ មិត្តភក្តិ ដើម្បីទៅប្រតិបត្តិធម៌តាមសាសនាហិណ្ឌូ ដោយព្រះដែលលោកគោរពនោះ គឺព្រះសិវៈ។
មកដល់ឆ្នាំ ១៩៧៣ លោកបានចាប់ផ្ដើមលើកដៃស្ដាំឡើងទៅលើ ដើម្បីជាសញ្ញាបង្ហាញពីការលះបង់ដែលមិនរាថយ ក៏ដូចជាការបង្ហាញដ៏មានឥទ្ធិពលមួយនៃការតស៊ូយ៉ាងសកម្មដើម្បីសន្តិភាព ប្រឆាំងនឹងជម្លោះនានាលើពិភពលោក។ ក្នុងការប្តេជ្ញាចិត្តដ៏ធំធេងរបស់គាត់ ធ្វើឱ្យគាត់ទ្រាំទ្រនឹងការឈឺចាប់បានរយៈពេល ២ ឆ្នាំពេញ ដែលជាលទ្ធផលបណ្ដាលឱ្យដៃរបស់គាត់លែងដឹងញាណអ្វីទាំងអស់ ហើយសាច់ដុំក៏ចាប់ផ្ដើមស្វិតទៅៗ។ ជាក់ស្ដែងមកទល់បច្ចុប្បន្ននេះ ដៃរបស់លោក Bharati គឺនៅតែលើកឡើងលើធ្មឹង ក្នុងសភាពសល់តែគ្រោងឆ្អឹង ឯក្រចករបស់លោកក៏ដុះវែងកោងចូលគ្នា។
ក្នុងកិច្ចសម្ភាសមួយ លោក Bhatati ធ្លាប់បាននិយាយថា៖ «ខ្ញុំមិនចង់សុំអ្វីច្រើននោះទេ។ ហេតុអ្វីពួកយើងចាំបាច់ឈ្លោះទាស់ទែងគ្នា? ហេតុអ្វីបានជាយើងចាំបាច់មានសត្រូវ មានការស្អប់គ្នាខ្លាំងបែបនេះ? ខ្ញុំគ្រាន់តែចង់ឱ្យពលរដ្ឋឥណ្ឌាទាំងអស់ ក៏ដូចជាមនុស្សលើពិភពលោក រស់នៅដោយភាពសុខសន្តិភាពជាមួយគ្នាប៉ុណ្ណោះ»។
គួរឱ្យដឹងថា លោក Bhatati រស់នៅសព្វថ្ងៃដូចជាមនុស្សគ្មានដៃមួយចំហៀងអ៊ីចឹង ដោយលោកប្រើប្រាស់តែដៃមួយចំហៀងប៉ុណ្ណោះ ដូចជាពេលញ៉ាំអាហារ ពេលស្លៀកពាក់ និងពេលងូតទឹកជាដើម។ ទោះបីជាសកម្មភាពប្រចាំថ្ងៃនេះ វាមិនងាយស្រួលក៏ពិតមែន ប៉ុន្តែលោកជឿថា ការប្រតិបត្តិបែបនេះ នឹងនាំឱ្យលោកអាចខិតទៅដល់កាន់តែជិតនឹងព្រះសិវៈ ហើយនឹងអាចជំរុញឱ្យមនុស្សគ្រប់គ្នា គិតអ្វីដោយសន្តិភាពក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ៕