កំពុងខ្សត់ប្រជាជនផង ឥលូវស្រីៗនៅចិននាំគ្នាផ្អើលទិញតុក្កតាមកចិញ្ចឹម ជាជាងចិញ្ចឹមក្មេងមែនទែន
ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយថា នៅប្រទេសចិនកំពុងប្រឈមនឹងបញ្ហាថយចុះប្រជាជនខ្លាំង ដោយសារតែពលរដ្ឋមិនព្រមរៀបការយកកូន ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមិញ បើងាកមកស្រីៗក្នុងប្រទេសឯណេះវិញ ហាក់ដូចជាមិនខ្វាយខ្វល់នោះឡើយ មិនខ្ចីគិតគូររឿងរៀបការ យកកូន តែបែរជាមកនាំគ្នាចាប់អារម្មណ៍ទិញកូនតុក្កតាយកមកចិញ្ចឹម ព្រោះតែតុក្កតាមិនធ្វើឱ្យឈឺក្បាល និងចាយលុយតិចក្នុងការចិញ្ចឹម ជាងកូនមនុស្ស។
ជាក់ស្ដែង ស្ត្រីម្នាក់ឈ្មោះ Xiong Yuelei អាយុ ៣១ ឆ្នាំ ជានិស្សិតថ្នាក់បណ្ឌិត បានសម្រេចចិត្តទិញតុក្កតាដំបូងរបស់នាង ខណៈរុករកលើឃ្លា «parenting with dolls» ដែលកំពុងតែ trending ខ្លាំងនៅប្រទេសចិន។ មួយឆ្នាំក្រោយមក Xiong ក៏បានក្លាយជាសមាជិកដ៏សកម្មម្នាក់ក្នុងសហគមន៍ចិញ្ចឹមតុក្កតា ដែលជាសហគមន៍អនឡាញមួយ សម្បូរដោយស្ត្រីៗដែលចាត់ទុកកូនតុក្កតា ដូចជាកូនបង្កើតរបស់ខ្លួន។
កូនតុក្កតារបស់ Xiong ត្រូវបាននាងដាក់ឈ្មោះឱ្យថា Lucine ដែលមានអាយុ ១ ឆ្នាំ មានសក់វែងពណ៌ខៀវ និង មានស្នាមញញឹមលើមុខជានិច្ច។ Xiong តែងតែអួតសរសើរពីកូនស្រីជាតុក្កតារបស់នាង ហើយស្រឡាញ់នាងខ្លាំងទៀតផង រហូតនាងចំណាយប្រាក់ កែប្រែបន្ថែមគ្រោងឆ្អឹងឱ្យ Lucine ដើម្បីឱ្យនាងអាចឈរ និង អង្គុយបានគ្រប់បែបបទ។
ក្នុងសហគមន៍ចិញ្ចឹមកូនតុក្កតានេះដែរ សមាជិកភាគច្រើនតែងតែសកម្មក្នុងការបង្ហោះរូបកូនៗរបស់ពួកគេ ដូចជាអ្នកខ្លះ បង្ហោះពេលកំពុងអង្គុយនៅតុកាហ្វេ ខ្លះទៀតបង្ហោះពេលកំពុងមើល concert ជាដើម ដែលការនិយាយសរសើរពីកូនៗ ជជែកគ្នាលើអនឡាញ ជួយឱ្យពួកគេមានអារម្មណ៍រីករាយសប្បាយចិត្តខ្លាំង។
ដោយសារតែការទិញតុក្កតាមកធ្វើជាកូននេះ ផ្ទុះពេញនិយមខ្លាំងនៅចិន ថ្មីៗនេះ ក៏មានសេវាកម្មថ្មីមួយបង្កើតឡើង ដើម្បីបម្រើដល់សហគមន៍ចិញ្ចឹមកូនតុក្កតានោះ ដែលជាសាលាមតេយ្យសម្រាប់តុក្កតា។ សេវាកម្មក្នុងសាលាមតេយ្យនេះ រួមមានការមើលថែតុក្កតា ការលេងជាមួយពួកវា ដើម្បីជួយឱ្យឪពុកម្ដាយតុក្កតាទាំងនោះ អាចសម្រាកបានស្រួល បំពេញការងារបានស្រួល ដោយមិនចាំបាច់ភ័យបារម្ភខ្លាចកូនៗពួកគេនៅឯកា។
គួរឱ្យដឹងថា ភាគច្រើននៃអ្នកដែលចិញ្ចឹមកូនតុក្កតា គឺជាយុវវ័យក្មេងៗនៅមហាវិទ្យាល័យ ឬ ទើបចូលធ្វើការថ្មីៗ ដែលជាអ្នកនៅលីវ ឬ មិនទាន់មានកូន៕