មិនងាយបានឃើញទេ! នៅលើភ្នំត្បែង ខេត្តព្រះវិហារ រកឃើញហ្វូស៊ីលដើមឈើមានអាយុកាល ២៥១-៦៥ លានឆ្នាំ ប្រវែង ៣.៥ ម៉ែត្រ
ក្រសួងបរិស្ថាន នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ពីការរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល ២៥១-៦៥ លានឆ្នាំ ដោយក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ។
ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីអ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ ១.៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ បណ្តោយ ៦ ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង ៣.៥ ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។
គួរឱ្យដឹងផងដែរថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នារយៈកាលកន្លងទៅ បានរកឃើញហ្វូស៊ីលជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន៕