(វីដេអូ) នាំគ្នារាំជប់លៀងបញ្ចប់ការសិក្សាកំពុងសប្បាយ ស្រាប់តែបាក់ស្រុតដីធ្លាក់មនុស្សចូលភ្លឹបៗ ដូចព្រះធរណីស្រូប
សារព័ត៌មានក្រៅប្រទេសមួយបានរាយការណ៍ពីរឿងរ៉ាវគួរឱ្យតក់ស្លុតមួយ ដែលមានមនុស្សមួយក្រុមនាំគ្នាជប់លៀងបញ្ចប់ការសិក្សា ហើយរាំដល់ថ្នាក់បាក់ដីធ្លាក់មនុស្សចូលរណ្ដៅត្រឹមមួយប៉ប្រិចភ្នែក ដូចព្រះធរណីស្រូប។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសប៉េរូ ដោយតាមវីដេអូបានបង្ហាញឱ្យឃើញពីកន្លែងជប់លៀងមួយ ដែលមានមនុស្សប្រុសស្រីកំពុងតែនាំគ្នារាំយ៉ាងសប្បាយរីករាយ។ បើតាមការឱ្យដឹង គឺពួកគេកំពុងតែអបអរដល់ការបញ្ចប់សិក្សារបស់ខ្លួន ហើយក្នុងនោះដែរខណៈកំពុងតែសប្បាយរាំសុខៗស្រាប់តែដីដែលនៅបរិវេណពួកគេរាំ ក៏បានបាក់ចុះទៅជារណ្តៅយ៉ាងធំភ្លាមៗ បណ្តាលឱ្យមនុស្សចំនួន ២៥ នាក់ ធ្លាក់ចុះទៅមួយរំពេចដោយមិនគួរឱ្យជឿ។
យ៉ាងណាមិញ ក្រោយពីកើតហេតុ អ្នកផ្សេងៗក៏បានប្រញាប់ចុះទៅជួយមនុស្សទាំង ២៥ នាក់ដែលបានធ្លាក់ចូលទៅនោះ ហើយក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យរាងកាយផងដែរ។ ដោយឡែកសម្រាប់មូលហេតុនៃការបាក់វិញ គេមិនបានបញ្ជាក់ឱ្យដឹងពិតប្រាកដនោះទេ៕