បង់វិលក្បុងមិនខាន! ពន្ធលើទឹកភ្លៀងដែលរដ្ឋាភិបាលកាណាដា នឹងត្រូវយកពីប្រជាពលរដ្ឋ គឺគេគិតតាមរបៀបនេះ
ពិតជាព័ត៌មានមួយដែលភ្ញាក់ផ្អើលខ្លាំង សម្រាប់ប្រទេសកាណាដា ដោយបានប្រកាសថាខ្លួនត្រៀមនឹងយកពន្ធថ្មីគឺពន្ធលើទឹកភ្លៀងដែលហូរចេញពីផ្ទះប្រជាជនទៅក្នុងប្រពន្ធលូ។ ការណ៍នេះបានធ្វើឱ្យផ្ទុះការមិនពេញចិត្តជាខ្លាំងនៅតាមបណ្តាញសង្គម។
ពន្ធទឹកភ្លៀងនេះ នឹងត្រូវគេចាប់ផ្តើមយកនៅរដ្ឋ Toronto នាខែមេសាខាងមុខនេះ ដោយចំណែកមូលហេតុនៃការយកពន្ធទឹកភ្លៀងនេះ ក៏ត្រូវបានអាជ្ញាធរឱ្យដឹងដែរថា ទឹកភ្លៀងភាគច្រើនមិនជ្រាបក្នុងដី ព្រោះរដ្ឋពេញដោយផ្ទៃស៊ីម៉ង់ត៍ ដូច្នេះហើយវាអាចបង្កជាទឹកជំនន់ និង បង្កបញ្ហាទៅដល់គុណភាពទឹកដែលប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត វាក៏អាចបំពុលទៅដល់ប្រភពទឹកផ្សេងៗនៅក្នុងក្រុង ជាពិសេសគឺបឹង Ontario ទៀតផង។
សម្រាប់តម្លៃ គឺគេបានគិតជាម៉ែត្រការ៉េ ដោយបើសិនជាផ្ទះធម្មតាគេនឹងគិតចំនួន ១.៦៨ សេន ក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯខុនដូវិញ គេនឹងគិតចាប់ពី ១៤ ទៅ ៤៤ សេន ក្នុងមួយម៉ែត្រការ៉េ ហើយការគិតគូរនេះគឺគេរាប់បញ្ចូលទាំងការ៉េរបស់ដំបូងផ្ទះ ទំហំផ្ទៃក្រឡាកន្លែងចតឡាន និង ផ្ទៃបេតុងថែមទៀត។
យ៉ាងណាមិញ ចំពោះរឿងនេះប្រជាជននៅរដ្ឋ Toronto ខ្លះក៏បានព្រមបង់ទៅតាមការកំណត់អាជ្ញាធរ តែមួយចំនួនទៀតក៏មិនពេញចិត្តនោះទេ ព្រមទាំងបាននាំគ្នាតវ៉ាស្ទើរតែពេញបណ្តាញសង្គម ដោយគិតថាពន្ធនេះមិនសមនឹងយកឡើយ ព្រោះតែសព្វថ្ងៃនេះម្នាក់ៗបង់ពន្ធផ្សេងសឹងតែវិលក្បុងទៅហើយ មិននឹកស្មានថារដ្ឋាភិបាលយកនឹកឃើញយកពន្ធនេះទៀតសោះ៕