អាមេរិក ត្រៀមបិទសាលារៀនមួយចំនួនក្នុងប្រទេស កំឡុងពេលមានសូរ្យគ្រាស ព្រោះខ្លាចប៉ះពាល់ដល់ភ្នែកក្មេង
នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ សហរដ្ឋអាមេរិក នឹងប្រទះបាតុភូតសូរ្យគ្រាសទាំងមូល ដែលគ្របដណ្តប់ជាង ១៣ រដ្ឋនាភាគខាងជើងក្នុងប្រទេស ធ្វើឱ្យអាជ្ញាធរសម្រេចចិត្តត្រៀមបិទសាលារៀនមួយចំនួន ព្រោះតែខ្លាចពន្លឺសូរ្យគ្រាសប៉ះពាល់ដល់ភ្នែកក្មេង។
តាមព័ត៌មានបានឱ្យដឹងថា រដ្ឋដែលនឹងត្រូវមើលឃើញសូរ្យគ្រាសនេះ មានដូចជារដ្ឋ Texas, Oklahoma, Arkansas, Missouri, Illinois, Kentucky, Indiana, Ohio, Pennsylvania, New York, Vermont, New Hampshire and Maine។
ក្នុងនោះដែរ សាលារៀនមួយចំនួននៅក្នុងរដ្ឋទាំងនេះ ខ្លះនឹងត្រូវផ្អាកការសិក្សា ខ្លះទៀតនឹងត្រូវប្តូរកាលវិភាគ ព្រោះតែគេមានការបារម្ភថាក្មេងៗអាចនឹងនាំគ្នាចេញមើលសូរ្យគ្រាសច្រើន ដោយគ្មានឧបករណ៍ ឬវែនតាត្រឹមត្រូវ ដែលអាចបណ្តាលឱ្យមានការប៉ះពាល់ដល់ភ្នែកបាន។ ម្យ៉ាងទៀត គេក៏បារម្ភទៅលើចរាចរណ៍ផងដែរ ដោយគេរំពឹងថ្ងៃនោះអាចនឹងមានមនុស្សប្រមូលផ្តុំគ្នាច្រើនដើម្បីមើលបាតុភូតនេះ រួមជាមួយនឹងភាពងងឹតទៀតនោះ វាជាហេតុអាចបង្កទៅជាការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ណាមួយបាន។ គួរឱ្យដឹងដែរថា អាមេរិកអាចមើលឃើញបាតុភូតសូរ្យគ្រាសទាំងមូលម្តងទៀតបាន គឺទាល់តែឆ្នាំ ២០៤៤ ខាងមុខឯណោះ៕