ត្រឹម ៣ ខែដំបូងដើមឆ្នាំ ២០២៤ មនុស្សជាតិជួបហេតុការណ៍រន្ធ-ត់ៗ ១៥ ករណី ករណីនីមួយៗកក្រើកពេញពិភពលោក
ប៉ុន្មានខែនៅក្នុងដើមឆ្នាំ ២០២៤ នេះ គឺមានព្រឹត្តិការណ៍សោកនាដកម្ម ក៏ដូចជារឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើកច្រើនណាស់ ដែលបានកើតឡើងទូទាំងពិភពលោក។ ហេតុការណ៍ទាំងនោះ ខ្លះក៏បានបណ្តាលឱ្យមានការខាតបង់ធ្ងន់ធ្ងរ ទាំងអាយុជីវិត និង ប្រយោជន៍របស់ប្រទេសដែលជួបប្រទះហេតុការណ៍នោះ។ ក្នុងនោះដែរ បើគិតមកត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ មានហេតុការណ៍ដល់ទៅ ១៥ ករណី ដែលបានកើតឡើងផ្ទួនៗគ្នានៅជុំវិញពិភពលោក ដែលហេតុការណ៍នោះមានដូចជា៖
១. ក្រុមហាម៉ាស បានបាញ់គ្រាប់រុក្កែតដាក់អ៊ីស្រាអ៊ែល
នៅយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ឈានចូលយប់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ស្របពេលដែលប្រទេសជាច្រើនកំពុងបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី ក្រុមហាម៉ាស បានបាញ់គ្រាប់រុក្កែតដាក់លើអ៊ីស្រាអ៊ែលជាច្រើនគ្រាប់ និង បានបញ្ជាក់ថា សង្រ្គាមនេះនឹងបន្តអូសបន្លាយយូរទៀត។
២. ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់
ប្រទេសជប៉ុន កើតមានការរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៧.៥ រ៉ិចទ័រ បណ្ដាលឱ្យមានមនុស្សរាប់សិបនាក់រងរបួស ខណៈដែលអ្នកស្លាប់កើនដល់ ១៦១ នាក់ និង បាត់ខ្លួន ១០៣ នាក់ ស្របពេលដែលប្រតិបត្តិការស្វែងរកជនរងគ្រោះនៅតែបន្តធ្វើឡើង។
៣. ជប៉ុនជួបគ្រោះជាថ្មី ឧបទ្ទវហេតុឆេះយន្តហោះ
នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ក្រោយពីជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ជាថ្មីម្ដងទៀតប្រទេសជប៉ុនបានជួបឧបទ្ទវហេតុករណីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Japan Airlines (JAL) បានបុកជាមួយនឹងយន្តហោះយោធាឆ្មាំសមុទ្រជប៉ុន នៅលើផ្លូវរត់នៃអាកាសយានដ្ឋានហានេដា (Haneda) ទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្ដាលឱ្យយន្តហោះទាំងពីរគ្រឿងផ្ទុះឆេះ ខូចខាតទាំងស្រុង និង សមាជិកហោះហើរ ៥ នាក់បានស្លាប់នៅលើយន្តហោះយោធា ខណៈដែលអ្នកបើកបរម្នាក់ទៀតរួចខ្លួន ប៉ុន្តែមានរបួសធ្ងន់។
៤. ហេតុការណ៍វាយប្រហារ ដោយកាំបិតលើរថភ្លើង
កាលពីយប់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅម៉ោងប្រមាណជា ១១ យប់ មានបុរសចំនួន ៣ នាក់បានរងរបួស ក្នុងហេតុការណ៍ចាក់សម្លាប់មួយនៅលើរថភ្លើង នាស្ថានីយ Akihabara ក្រុងតូក្យូ ប្រទេសជប៉ុន។
៥. អគ្គិភ័យមួយបានឆាបឆេះអគារ ១២ ជាន់នៅជប៉ុន
ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ សារព័ត៌មាន NHK របស់ជប៉ុន បានចុះផ្សាយថា មានករណីអគ្គិភ័យមួយបានឆាបឆេះអគារកម្ពស់ ១២ ជាន់មួយនៅក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹក និង ផ្សារទំនើបមួយនៅភាគខាងលិច Shinjuku នៅម៉ោង ៤ និង ២០ នាទី បណ្ដាលឱ្យមនុស្ស ៨ នាក់រងរបួស។
៦. ហេតុការណ៍ផ្ទុះគ្រាប់បែកនៅប្រទេសអ៊ីរ៉ង់
នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា គ្រាប់បែកទីមួយត្រូវបានបំផ្ទុះនៅចម្ងាយប្រមាណជា ៧០០ ម៉ែត្រពីទីបញ្ចុះសព Garden of Martyrs ជុំវិញវិហារអ៊ីស្លាម Saheb al-Zaman នៅជាយក្រុងភាគខាងកើតនៃទីក្រុង Kerman ។ ១៥ នាទីក្រោយមក គ្រាប់បែកមួយគ្រាប់ទៀតក៏ត្រូវបានបំផ្ទុះឡើងនៅចម្ងាយប្រហែល ១ គីឡូម៉ែត្រពីទីបញ្ចុះសពដដែល បណ្ដាលឱ្យមានមនុស្សស្លាប់ និង របួសជាច្រើន។
៧. កូរ៉េខាងជើង បាញ់ផ្លោងកាំភ្លើងធំជាង ២០០ គ្រាប់ទៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង
កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗ យោធារបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំជាង ២០០ គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនឆ្ពោះទៅកាន់កោះ Yeonpyeong ភាគខាងត្បូង ធ្វើឱ្យកូរ៉េខាងត្បូងបញ្ជាជម្លៀសប្រជាជនខ្លួនចេញពីកោះក្បែរព្រំដែនកូរ៉េខាងជើង។
៨. យន្តហោះ Alaska Airline ជួបហេតុការណ៍បង្អួច និង បំណែកនៃតួយន្តហោះបានផ្ទុះនៅលើអាកាស
នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤ ក្រុមហ៊ុនហោះហើររបស់អាមេរិក Alaska Airline បានធ្វើការចុះចតជាបន្ទាន់ក្នុងរដ្ឋ Oregon ក្រោយពីបង្អួច និង ទ្វារចំហៀងរបស់យន្តហោះបានផ្ទុះនៅលើអាកាសភ្លាមៗ បន្ទាប់ពីបានហោះឡើង ។
៩. អគ្គិភ័យឆាបឆេះជំរំ Rohingya បង់ក្លាដេស បណ្ដាលឱ្យមនុស្ស ៨ ពាន់នាក់អស់កន្លែងជ្រកកោន
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅវេលាម៉ោងប្រមាណ ៣ ភ្លឺ មានអគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតមានឡើងនៅឯជំរំជនភៀសខ្លួន Rohingya នាប្រទេសបង់ក្លាដេស បណ្ដាលឱ្យមនុស្សប្រមាណ ៨ ពាន់នាក់កំពុងគ្មានកន្លែងជ្រកកោន។
១០. ឡានសណ្តោងមួយគ្រឿងជិះបុកស្ពានអាកាសនៅថៃ ដាច់ជាពីរបាក់ធ្លាក់លាន់សូរកក្រើក
កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅខេត្ត Ang Thong ប្រទេសថៃ មានករណីរថយន្តសណ្តោងមួយគ្រឿង បានជ្រុលទៅបុកស្ពានអាកាសអ្នកដំណើរ បណ្តាលឱ្យបាក់ធ្លាក់ចុះមកសង្កត់ខ្ទេចតួឡានទាំងមូលសឹងមើលមិនយល់។
១១. ហ្វីលីពីនផ្ទុះការភ្ញាក់ផ្ញើល ក្រោយឃើញត្រីសាឌីនរាប់សិបតោនងាប់អណ្តែតមកទើរនៅឆ្នេរ Tinoto
កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ត្រីសាឌីនរាប់សិបតោនត្រូវបានបោកបក់មកទើរនៅច្រាំងសមុទ្រក្នុងទីក្រុង Maasim រដ្ឋ Sarangani នៃប្រទេសហ្វីលីពីន បង្កជាការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យទៅប្រមូលត្រីទុក។
១២. ផ្ទុះរោងចក្រកាំជ្រូចនៅសុផាន់បុរី ប្រទេសថៃ
នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសថៃបានជួបហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង និង បានសម្លាប់មនុស្សអស់ ២៣ នាក់ ក្នុងខេត្តសុផាន់បុរី។ ហេតុការណ៍ផ្ទុះរោងចក្រនេះបានផ្ទុះឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល ដែលតាមការបញ្ជាក់បានឱ្យដឹងថា ករណីនេះគឺផ្ទុះដោយសារតែទុស្សេខ្សែភ្លើង។
១៣. ភ្លើងឆេះវត្តល្បីមួយកន្លែងនៅប្រទេសវៀតណាមខ្ទេចសឹងអស់
ហេតុការណ៍មួយនេះបានកើតឡើងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅវេលាម៉ោងប្រមាណ ៤ និង ៤០ នាទីល្ងាច នាវត្ត Chùa Phật Quang ខេត្ត Hanam ប្រទេសវៀតណាម។ ក្នុងនោះ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានត្របាក់យកកន្លែងជាច្រើននៅក្នុងវត្ត មានទាំងកន្លែងសូត្រមន្ត និង អគារ ព្រមទាំងហេដ្ឋារចនាសម្ព័នផ្សេងៗ។ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ក្រោយពីភ្លើងបានរលត់ទៅអស់ គេបានឃើញថាវត្តខូចខាតសឹងទាំងអស់ទៅហើយ ពោលគឺមិនសល់អ្វីនោះទេ នៅសល់តែរូបព្រះពុទ្ធមួយចំនួន ដែលត្រូវអគ្គិភ័យបំផ្លាញបាត់រូបរាងអស់ទៅហើយ។ គួរឱ្យដឹងដែរថា វត្តមួយកន្លែងនេះជាវត្តដ៏ស្រស់ស្អាត ដែលជាទីទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់វៀតណាម។
១៤. ចិនជួបគ្រោះបាក់ដី មនុស្ស ៥០ នាក់បានបាត់ខ្លួន
ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសចិន បានជួបហេតុការណ៍បាក់ដីមួយនៅក្នុងខេត្តយូណាន ដែលបានបណ្ដាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត ខណៈដែលមនុស្សជិត ៥០ នាក់ដទៃទៀតកំពុងបាត់ខ្លួន ដែលការបាក់ដីនេះបានវាយប្រហារភូមិចំនួនពីរនៅភាគនិរតីនៃទីក្រុង Zhaotong នៅម៉ោងប្រមាណជា ៥:៥១ ព្រឹក (ម៉ោងក្នុងប្រទេសចិន)។ គេមិនអាចសន្និដ្ឋានបានទេថា ការបាក់ដីនេះបណ្ដាលមកពីអ្វីទេ ខណៈដែលរបាយការណ៍បានបង្ហាញថា ប្រទេសចិន បានបញ្ជូនបុគ្គលិកសង្គ្រោះជិត ១ ០០០ នាក់ទៅកាន់កន្លែងកើតហេតុ រួមជាមួយនឹងរថយន្តសង្គ្រោះជិត ២០០ គ្រឿង ដើម្បីដឹកនាំការជួយសង្រ្គោះ។
១៥. កប៉ាល់ដឹកទំនិញដ៏ធំមួយបុកចំសសរស្ពាន Francis Scott Key នៅអាមេរិក
នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅរដ្ឋ Maryland ដោយមានកប៉ាល់ដឹកទំនិញមួយគ្រឿងបានជិះបុកស្ពាន Francis Scott Key បណ្តាលឱ្យមានការបាក់ និង ធ្លាក់ឡានច្រើនគ្រឿងចូលទឹកយ៉ាងរន្ធត់។ ក្នុងនោះ ភ្លាមៗមានមនុស្ស ២ នាក់ត្រូវបានគេសង្រ្គោះ ដោយមានរបួសស្រាលម្នាក់ និង ធ្ងន់ម្នាក់ ហើយមនុស្សជាច្រើនផ្សេងទៀតនៅមិនទាន់រកឃើញ និង កំណត់ថាបានបាត់បង់ជីវិត។ ការបាក់ដាច់ស្ពាន Francis Scott Key នេះ អាចធ្វើឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចខ្លាំង និង បង្កជាការលំបាកក្នុងការធ្វើដំណើរដល់ពលរដ្ឋនាតំបន់នោះ ក្នុងរយៈពេលយូរខែ ដោយគិតជាទឹកប្រាក់ការខាតបង់អាចមានរហូតដល់ ១៥ លានដុល្លារក្នុងមួយថ្ងៃឯណោះ៕