ពុទ្ធោ-អើយ! ហេតុការណ៍កប៉ាល់បុកបាក់ស្ពាននៅអាមេរិក ក្នុងមួយថ្ងៃអាចបង់ខាតចំណូលដល់ទៅ ១៥ លានដុល្លារ
ការបាក់រលំស្ពាន Francis Scott Key ដោយសារត្រូវកប៉ាល់ដឹកទំនិញបុកកាលពីយប់ថ្ងៃទី ២៦ ខែមីនា កន្លងទៅ អាចរំខានបង្អាក់ដំណើរចរាចរណ៍ផ្លូវគោក និង ផ្លូវទឹក ដោយគិតជាទឹកប្រាក់ខាតបង់អាចមានរហូតដល់ ១៥ លានដុល្លារក្នុងមួយថ្ងៃ។
គួររំឭកថា កាលពីយប់ម៉ោង ១ និង ៣០ នាទីឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ កប៉ាល់ដឹកទំនិញ Dali បានជួបគ្រោះថ្នាក់បុកទៅនឹងសសរស្ពាន Francis Scott Key នៅក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បណ្ដាលឱ្យស្ពានដាច់បាក់ជាកំណាត់ធ្លាក់រាបចូលក្នុងទន្លេត្រឹមតែប៉ុន្មានវិនាទី បណ្ដាលឱ្យមនុស្ស ៨ នាក់ និងយានយន្តមួយចំនួនធ្លាក់ចូលទៅក្នុងទឹកផងដែរ។
តាមការបញ្ជាក់ពីខាងអាជ្ញាធរក្រុង Baltimore បានឱ្យដឹងថា ក្រោយការរុករករយៈពេលជាច្រើនម៉ោង ក្រុមសង្គ្រោះបានជួយមនុស្សបានចំនួន ២ នាក់ ខណៈ ៦ នាក់ផ្សេងទៀតនៅមិនទាន់រកឃើញ និងកំណត់ថាបានបាត់បង់ជីវិតអស់ហើយ។ បន្ថែមពីលើការបាត់បង់ជីវិតមនុស្ស ការបាក់ដាច់ស្ពាន Francis Scott Key នេះដែរ ក៏អាចធ្វើឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចខ្លាំង និងបង្កជាការលំបាកក្នុងការធ្វើដំណើរដល់ពលរដ្ឋនាតំបន់នោះ ក្នុងរយៈពេលយូរខែផងដែរ។
គួរបញ្ជាក់ថា ស្ពាន Francis Scott Key បានសាងសង់ឡើងក្នុងឆ្នាំ ១៩៧៧ ដែលស្ពាននេះដើរតួនាទីយ៉ាងសំខាន់លើមធ្យោបាយចរាចរណ៍ក្នុងតំបន់នោះ។ ការបាក់រលំស្ពាន បិទកាត់ផ្លូវទន្លេ Patapsco បានរាំងស្ទះមធ្យោបាយផ្លូវទឹក ដែលចេញពីផែក្រុង Baltimore ដែលជាផែដ៏មមាញឹកជាងគេមួយនៅឈូងសមុទ្រខាងកើតរបស់សហរដ្ឋអាមេរិក។
បើតាមលោក Mary D.Kane នាយកប្រតិបត្តិ និងជាប្រធានសភាពាណិជ្ជកម្មក្រុង Maryland បានថ្លែងថា ពលរដ្ឋចំនួន ៣៥ ០០០ នាក់ បានឆ្លងកាត់ស្ពាន Francis Scott Key ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ ហើយផែ Baltimore គឺបានបង្កើតការងារជាង ១៥ ០០០ ការងារ។ ដូចនេះ ការបាក់រលំស្ពាននេះ ផ្ដល់ផលប៉ះពាល់ខ្លាំងមែនទែនលើផ្នែកសេដ្ឋកិច្ចក្នុងតំបន់។
ជាមួយគ្នានោះដែរ បើតាមលោក Daraius Irani អនុប្រធានផ្នែកដៃគូយុទ្ធសាស្ត្រ និងការស្រាវជ្រាវអនុវត្តប្រចាំមហាវិទ្យាល័យ Towson បានបញ្ជាក់ដែរថា តាមការសិក្សាបានបង្ហាញឱ្យឃើញថា ការផ្អាកដំណើរការកំពង់ផែ Baltimore អាចបង្កជាការខាតបង់ខ្ទង់ ១៥ លានដុល្លារក្នុងមួយថ្ងៃ នេះគិតត្រឹមការផ្អាករយៈពេលខ្លី។ បើក្នុងរយៈពេលវែង ការខាតបង់ពីការបាក់រលំស្ពាននោះ នឹងត្រូវកំណត់គុណគូរមើលតាមល្បឿនដែលមធ្យោបាយផ្លូវទឹកអាចដំណើរការបានវិញ៕