អត់ពិបាកទេ! កូនខ្មែរ អាយុចាប់ពី ១៥ ឆ្នាំឡើង អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយមិនចំណាយប្រាក់ទេ
យោងតាមហ្វ៊េសប៊ុកផេករបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានបង្ហោះកាលពីពេលថ្មីៗកន្លងទៅថា ពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ហើយពុំទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចអញ្ជើញទៅថត និងបំពេញបែបបទធ្វើឱ្យបានគ្រប់គ្នា ដោយពុំចាំបាច់រង់ចាំសមត្ថកិច្ចទៅអញ្ជើញមកធ្វើទេ។
ក្នុងនោះ ឯកឧត្តមបានបញ្ជាក់ពីនីតិវិធី និងដំណាក់កាលនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ករណីធ្វើថ្មី អាយុចាប់ពី ១៥ ឆ្នាំឡើង) ដូចតទៅ ៖
១. សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
២.ទីកន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬបេឡាជាតិរបបសន្តិសុខសង្គម បសស ឬ សាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្រោយវត្តនិរោធ។
៣. បំពេញសលាកប័ត្រសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤.ផ្តិតក្រយៅដៃ ថតរូប វាស់កម្ពស់ និងចុះហត្ថលេខា
៥. រង់ចាំរយៈពេល ៣០ ថ្ងៃនៃថ្ងៃការងារ ដើម្បីទៅទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកន្លែងដែលបានធ្វើ។
៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ៕
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕