ខំលះបង់ចិត្តអាក្រក់ គំនុំគុំគួន ឈ្ននីសពីឆ្នាំចាស់ឱ្យជ្រះស្រឡះ ទេវតាឆ្នាំថ្មីនឹងប្រទានលាភសំណាង សេចក្ដីសុខចម្រើន
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ.ស ២០២៤ វេលាម៉ោង ២២ និង ២៤ នាទី។
ទេវធីតាឆ្នាំថ្មីដែលយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ព្រះនាម មហោទរាទេវី ជាបុត្រីទី ៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់ កងចក្រ ព្រះហស្តឆ្វេងទ្រង់ ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាពាហនៈ។
យោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំរោង ឆស័ក របស់ឯកឧត្តម អ៊ឹម បូរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្រ្តខ្មែរ ចិន សកល បានកត់ត្រាថា ៖ «នៅក្នុងឱកាសសង្ក្រាន្ដទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំ ពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ»៕
រូបភាព៖ De PAGE studio & Fb Laor Hours