ក្រសួងវប្បធម៌ ស្នើសុំលោកឧកញ៉ាលុបព័ត៌មានមិនពិតចេញបន្ទាន់ ហើយត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់បំផុត ជុំវិញលោក មាស រិទ្ធី ផ្សាយព័ត៌មានមិនពិត
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញលិខិតមួយជម្រាបជូន លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និង រស្មីហង្សមាស HDTV បន្ទាប់ពីមានករណីកម្មវិធីព័ត៌មានមួយដែលមានលោក មាស រិទ្ធី ជាអ្នកអត្ថាធិប្បាយបានផ្សព្វផ្សាយព័ត៌មានមិនពិត និង បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និង វប្បធម៌ប្រពៃណីជាតិ។
ក្រសួងវប្បធម៌បានបញ្ជាក់ឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវមួយពាក់ព័ន្ធនឹងបុណ្យសង្ក្រាន្ត ខ្វះចំណេះដឹងលើវិស័យនេះ និង ខ្វះការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈមកធ្វើជាអំណះអំណាងបន្ថែមទៀត ហើយដែលការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និង ភាពជ្រួលច្របល់ក្នុងសង្គម។
ចំពោះរឿងនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏បានស្នើសុំលោកឧកញ៉ា ចាត់វិធានការបន្ទាន់លុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និង ត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖