ការសិក្សា៖ ពលរដ្ឋជប៉ុនភាគច្រើន អត់ចង់រស់ដល់អាយុ ១០០ ឆ្នាំ ព្រោះមូលហេតុនេះ
ខណៈមនុស្សគ្រប់គ្នាលើពិភពលោក តែងតែប៉ងចង់ឱ្យខ្លួនឯងមានអាយុវែងរហូតដល់ ១០០ ឆ្នាំ ចម្លែកអីតែពលរដ្ឋជប៉ុនជាច្រើន បែរជាមានគំនិតផ្ទុយពីនេះ ដោយពួកគេមិនរំពឹងឱ្យខ្លួនឯងរស់រានបានវែងនោះឡើយ។
ជាក់ស្ដែង បើតាមការសិក្សាលើវ័យរបស់មនុស្សក្នុងប្រទេសចំនួន ៦ ភាគច្រើននៃពលរដ្ឋក្នុងប្រទេសជប៉ុន គឺមិនរំពឹងឱ្យខ្លួនឯងរស់រានបានយូររហូតដល់ ១០០ ឆ្នាំនោះឡើយ ដោយផ្ទុយស្រឡះពីមនុស្សមកពីបណ្ដាប្រទេសដទៃ។ តាមលទ្ធផលស្ទង់មតិនៃការសិក្សាខាងលើបានបង្ហាញថា ពលរដ្ឋជប៉ុនភាគច្រើន មិនចង់រស់ឱ្យបានយូរ ព្រោះពួកគេគិតថា នៅពេលវ័យកាន់តែជរា បញ្ហាប្រឈមក៏មានកាន់តែច្រើន។
តាមរបាយការណ៍នៃការស្ទង់មតិបានបង្ហាញថា បញ្ហាប្រឈមដែលពលរដ្ឋជប៉ុនខ្វល់បារម្ភនោះ បញ្ហាធំជាងគេនោះគឺ ពួកគេមិនចង់ឱ្យខ្លួនឯងក្លាយជាបន្ទុករបស់ក្រុមគ្រួសារ នៅពេលដែលខ្លួនឯងជរាទៅ។ ក្នុងនោះដែរ ការស្ទង់មតិលើពលរដ្ឋក្នុងសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង អាល្លឺម៉ង់ និងហ្វាំងឡង់ ក៏បានបង្ហាញពីការព្រួយបារម្ភលើបញ្ហានេះផងដែរ។ ទោះជាយ៉ាងណា ពលរដ្ឋក្នុងបណ្ដាប្រទេសទាំងនោះ នៅតែបង្ហាញគំនិតវិជ្ជមានចង់រស់នៅឱ្យបានយូរដដែល៕