ល្បីនៅវត្តព្រះវិហារសួគ៌ មានព្រះម៉ែឱបផ្ទៃ អ្នកដែលចង់បានកូន អាចសុំបានដូចបំណងប៉ងប្រាថ្នា
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចែករំលែក និងល្បីតៗគ្នា ជុំវិញរឿងរ៉ាវអបិយជំនឿមួយថា មានរូបសំណាកព្រះម៉ែឱបផ្ទៃ ដែលស្ថិតនៅក្នុងវត្តព្រះវិហារសួគ៌ មានមហាជនទៅប៉ងសុំបុត្រាបុត្រី បានសម្រេចដូចសេចក្ដីប្រាថ្នា។
វីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះឡើងដោយព្រះតេជគុណមួយព្រះអង្គ ព្រះនាម Pov Soth-ពៅ ស៊ត ដែលព្រះអង្គបានមានសង្ឃដីកាថា ៖ «ល្បីថាព្រះម៉ែឱបផ្ទៃ អ្នកអត់មានកូន សុំបានដូចបំណង ទីតាំងស្ថិតនៅក្នុងវត្តព្រះវិហារសួគ៌ ជឿឬមិនជឿ ចូរគិតពិចារណាដោយខ្លួនឯង»។
តាមរយៈវីដេអូ រូបព្រះម៉ែឱបផ្ទៃ និងមានតម្កល់ព្រះពុទ្ធរូបជាមួយ មានទីតាំងស្ថិតនៅក្នុងព្រះវិហារកោះអណ្ដែត ស្ថិតក្នុង វត្តព្រះវិហាសួគ៌ ដែលព្រះវិហារកោះអណ្ដែតនេះ កសាងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១០ រហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១១។
តាមរយៈលោកតាអាចារ្យដែលជាចាស់ទុំនៅទីនោះ បានបញ្ជាក់ឱ្យដឹងថា ៖ «សព្វមុខមន្ត្រីទាំងអស់ មិនថារាស្ត្រ មិនថាអ្នកធ្វើការ តែងតែមកប៉ងប្រាថ្នាបានសម្រេចទាំងអស់ មិនប្រកាន់វណ្ណៈនោះឡើយ ដោយប៉ងសុំបុត្រាបុត្រី ឬបំណងប្រាថ្នាអ្វីៗតែងបានសម្រេចរៀងៗខ្លួន ជាក់ស្ដែងអ្នកដែលមិនមានបុត្រ ពេលមកសុំនៅទីនេះគឺតែងតែបានដូចបំណង ប៉ុន្តែគឺទៅតាមឧបនិស្ស័យដែរ បើមានឧបនិស្ស័យគឺសុំតែម្ដងបានតែម្ដង លុះបានសម្រេចហើយ រយៈពេល ៣ ខែ អ្នកដែលបន់ស្រន់ បានមកលាមាត់លា-ក មានផ្លែឈើ ៧ មុខ ថ្វាយដល់គាត់ លុះពេលប្រសូត្រមកទៀត ក៏យកមកថ្វាយព្រះអង្គ ឱ្យជួយប្រោសព្រំដើម្បីកុំឱ្យកូនមានជំងឺឈឺថ្កាត់ និងមានប្រាជ្ញា»។
គួរឱ្យដឹងផងដែរថា វត្តវិហារសួគ៌ ជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិមួយ ឮកិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះអ្នកផងសឹងបានជ្រាបជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ ទៅបូជាបែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖