ស្រួង ភាវី បង្ហោះសារចាក់ដោត ខណៈបុណ្យចូលឆ្នាំខ្មែរ យុវជនភាគច្រើននឹកឃើញតែរឿងជះទឹក ប៉ាតម្ស៉ៅ ភ្លេចល្បែងប្រជាប្រិយ
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ នេះ កីឡាការិនីប៊ីយ៉ាការ៉ុមដ៏ឆ្នើម អ្នកនាង ស្រួង ភាវី កំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះសារ និង រូបភាពពាក់ព័ន្ធនឹងល្បែងប្រជាប្រិយខ្មែរ។
ក្នុងសារនោះ អ្នកនាង ស្រួង ភាវី បានរៀបរាប់ថា៖ «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ប្រេះធ្លាយជាតិអាប់ឈ្មោះ! ចូលឆ្នាំចូលទានពាក្យចាស់ប្រដៅ ផ្ដាំអស់កូនចៅរួមជាតិខេមរា ប្រពៃណីយើងតាំងពីដូនតា ចូលវត្តចូលវ៉ារក្សាសីលទាន។ កូនអើយកូនពុកស្រុកយើងសម្បូរ ល្បែងល្បាំស្រែកហូរមានតាមលំអាន បោះអង្គុញចោលឈូងទាញព្រ័ត្រក៏បាន រាំលេងកម្សាន្តតាមបែបវប្បធម៌។ កុំសូវត្រេកអរធ្វើតាមសាសន៍គេ គ្មានអ្វីល្អទេអាចកើតវឹកវរ ខូចសណ្ដាប់ធ្លាប់ស្ទះចរាចរណ៍ ជួនអាចបង្កគ្រោះថ្នាក់ទៀតផង។ សប្បាយក្លាយទុក្ខណាកូនប្រុសស្រី កូនគួរលកលៃប្រយ័ត្នសៅហ្មង សើចក្លាយជាយំទ្រព្យអសារបង់ ច្នេះត្រូវផ្ចិតផ្ចង់កុំខ្ញង់តាមគេ»។
អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមធ្វើការចែករំលែកសារខាងលើនោះដែរ ក៏ព្រោះតែអ្នកនាង ស្រួង ភាវី បានបង្ហោះរូបភាពកាត់តក្នុងន័យប្រៀបធៀប និង ចង់ក្រើនរំឭកដល់យុវជនខ្មែរជំនាន់ក្រោយ កុំឱ្យភ្លេចឱ្យសោះពីល្បែងប្រជាប្រិយខ្មែរ។
រូបភាពនោះ អ្នកនាង បានកាត់តដាក់រូបភាពលេងជះទឹកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ និង សរសេរអក្សរថា៖ «អ្វីដែលគេនឹកឃើញ» និង រូបខាងក្រោម គឺមានរូបលេងល្បែងប្រជាប្រិយខ្មែរ រួមមានវាយក្អម លាក់កន្សែង ទាញព្រ័ត្រ ចោលឈូង និង ល្បែងជាច្រើនទៀត ព្រមទាំងអមអក្សរថា៖ «អ្វីដែលគេបំភ្លេច»៕