ទីបំផុត! ស្ត្រីវៀតណាមលក់ពុទ្ទ្រាកោជនបរទេសលើកមុន ត្រូវអាជ្ញាធរហៅព្រមាន និង ពិន័យលុយ ១៥ ម៉ឺនដុង ស្មើ ៦ ដុល្លារ
កាលពីពេលថ្មីៗកន្លងទៅ មានវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គម TikTok កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែកចាយបន្តរាប់ពាន់នាក់ ដោយវីដេអូនោះបង្ហាញឱ្យឃើញពីភាពមិនស្មោះត្រង់របស់ស្ត្រីជាអ្នកលក់ពុទ្ទ្រាជនជាតិវៀតណាមម្នាក់ ដែលមានបំណងចង់កិបកេងយកលុយចំណេញជ្រុលពីភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តក្នុងប្រទេសរបស់ខ្លួន។
វីដេអូនោះដែរ ត្រូវបានបង្ហោះដោយគណនី TikTok មួយឈ្មោះ «TwoMadExplorers» ដែលត្រូវជាអ្នកជួបប្រទះហេតុការណ៍នេះផ្ទាល់។ តាមវីដេអូបានបង្ហាញឱ្យឃើញថា ដំបូងឡើយស្ត្រីជាអ្នកលក់ពុទ្ទ្រាបានឱ្យពុទ្ទ្រាទៅអ្នកទេសចរទាំង ២ រូបនោះភ្លក់ ដោយក្រោយមកទៀតរូបគាត់ក៏បានចាប់ច្រកពុទ្ទ្រាមួយចំនួនទៅក្នុងថង់ រួចក៏ទទួលលុយចំនួន ២០ ម៉ឺនដុង (ប្រមាណ ៨ ដុល្លារ) ពីភ្ញៀវ។
វីដេអូមួយនេះដែរទទួលបានការវែកញែកយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយភាគច្រើនគឺលើកឡើងថា នេះជាទង្វើមិនគប្បី និង មិនស្មោះត្រង់បំផុត ដែលអាចធ្វើឱ្យខ្លួនឯងបាត់បង់តម្លៃ និង ថែមទាំងទម្លាក់មុខមាត់ប្រទេសជាតិថែមទៀត។
យ៉ាងណាមិញឥលូវនេះ តាមសារព័ត៌មាន ZNews បានឱ្យដឹងថា ខាងអាជ្ញាធរក្នុងតំបន់ បានហៅស្ត្រីជាអ្នកលក់ពុទ្ទ្រារូបនោះ មកធ្វើការព្រមាន និង ដាក់ពិន័យជាសាច់ប្រាក់ចំនួន ១៥ ម៉ឺនដុង (ប្រមាណ ៦ ដុល្លារ) ចំពោះការលក់ដូរទំនិញខុសគោលការណ៍តម្លៃត្រឹមត្រូវ។
គួរឱ្យដឹងថា បើតាមចម្លើយសារភាពរបស់ស្ត្រីជាអ្នកលក់ ក្នុងបន្ទប់របស់អាជ្ញាធរ បានរៀបរាប់ថា នៅពេលដែលលក់ពុទ្ទ្រាឱ្យអ្នកទេសចរត្រឹមមួយថង់តូច តម្លៃ ២០ ម៉ឺនដុងនោះ គាត់ក៏ដឹងថាខ្លួនឯងខុសដែរ ទើបចុងក្រោយសម្រេចចិត្តឱ្យលុយទៅគេវិញ។ បន្ថែមពីនេះ គាត់ក៏ដឹងថា ទង្វើរបស់គាត់បានធ្វើឱ្យបំបាក់ឈ្មោះក្រុង ធ្វើឱ្យអ្នកទេសចរបរទេសគិតមកកាន់តំបន់ខ្លួនក្នុងផ្លូវមិនល្អផងដែរ ហើយចុងក្រោយគាត់ក៏បានសុំទោស និងសន្យាថា មិនធ្វើទង្វើបែបនេះតទៅទៀតឡើយ៕