សេដ្ឋិនីអចលនទ្រព្យវៀតណាមម្នាក់ ត្រូវគេទាមទារឱ្យកាត់ទោសប្រ-ហា.រជីវិត ជុំវិញការបន្លំធ្វើឯកសារជាង ១៣០០ ច្បាប់រយៈពេល ១០ ឆ្នាំ ដកលុយពីធនាគារសរុបជាង ១២ ពាន់លានដុល្លារ
ថ្មីៗនេះ មហាសេដ្ឋិនីអចលនទ្រព្យវៀតណាម ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat ដ៏ធំមួយនៅវៀតណាម គឺលោកស្រី Trương Mỹ Lan វ័យ ៦៦ ឆ្នាំ ត្រូវបានគេទាមទារឱ្យតុលាការកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថាលោកស្រីមានជាប់ពាក់ព័ន្ធនឹងករណីឆបោកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្រ្តវៀតណាម។
តាមព័ត៌មានបានឱ្យដឹងថា កាលពីខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ លោកស្រីត្រូវបានគេរកឃើញថាជាមេខ្លោងពាក់ព័ន្ធជាមួយនឹងការបន្លំឆបោកជាច្រើនករណី ដោយគប់គិតជាមួយនឹងមនុស្ស ៨៥ នាក់ទៀត ដែលមានទាំងអតីតមន្រ្តីជាច្រើនរូបទៀតផង។ ក្នុងនោះ លោកស្រីត្រូវបានគេចោទប្រកាន់ពីបទបំពានច្បាប់ហ៊ុននៅក្នុងធនាគារ (Saigon Joint Stock Commercial Bank) ដោយបានបន្លំជាក្រុមហ៊ុនខ្មោច ក៏ដូចជាធ្វើឯកសារជាង ១៣០០ ច្បាប់ ដើម្បីទៅដកលុយចេញពីធនាគារ ដោយគិតចាប់ពីឆ្នាំ ២០១២ រហូតមកដល់ ឆ្នាំ ២០២២ ប្រមូលបានរហូតដល់ទៅ ១២.៥ ពាន់លានដុល្លារអាមេរិកឯណោះ។
យ៉ាងណាមិញ ករណីឆបោកនេះគឺជាករណីឆបោកដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវៀតណាម ដែលធ្វើឱ្យប៉ះពាល់ទៅជនរងគ្រោះរាប់ម៉ឺននាក់ ព្រមទាំងប៉ះពាល់យ៉ាងខ្លាំងទៅកាន់ស្នូលសេដ្ឋកិច្ចនៅក្នុងប្រទេស។ ក្នុងនោះ ដំណើរការក្តីនេះត្រូវប្រព្រឹត្តទៅក្រោមការធ្វើការយ៉ាងស្វិតស្វាញរបស់តុលាការកុម្មុយនីសវៀតណាម ហើយបើសិនជាគេរកឃើញថាលោកស្រីពិតជាបានពាក់ព័ន្ធនឹងករណីនេះពិតមែន លោកស្រីអាចនឹងប្រឈមទោសប្រហារជីវិតផងដែរ ប៉ុន្តែមកទល់ពេលនេះលោកស្រីនៅតែប្រកែកការពារភាពស្អាតស្អំរបស់ខ្លួន ដោយបានទម្លាក់កំហុសទាំងអស់ទៅលើបុគ្គលិកនៅក្រោមអំណាចទៅវិញ៕