ប្លែកកម្រមាន! ផ្សារមួយនៅ Saigon ប្រទេសវៀតណាម ចាយស្លឹកឈើជំនួសលុយ
កាលពីរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ មនុស្សរាប់ពាន់នាក់នៅប្រទេសវៀតណាម បាននាំគ្នាសម្រុកទៅកាន់មណ្ឌលវប្បធម៌សង្កាត់លេខ ៥ (District 5 Cultural Center) ដើម្បីចូលទៅក្នុងផ្សារមួយ ដែលអាចទិញទំនិញគ្រប់បែបយ៉ាងបាន ដោយប្រើប្រាស់ស្លឹកឈើ ជំនួសលុយ។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ «ផ្សារស្លឹកឈើ» នេះដែរ ធ្លាប់បានធ្វើឡើងម្ដងរួចមកហើយ នៅដើមឆ្នាំថ្មី ក្នុងក្រុង Tay Ninh ហើយនេះជាលើកទី ២ ហើយ ដែលផ្សារមួយនេះធ្វើឡើងជាថ្មីនៅទីក្រុង Saigon។ ក្នុងផ្សារនោះ អ្នកចូលរួម អាចទិញទំនិញគ្រប់ប្រភេទ ដោយចាយស្លឹកពោធិ៍ដែលអ្នករៀបចំកម្មវិធីផ្ដល់ឱ្យជំនួសលុយពិតប្រាកដ។
ផ្សារស្លឹកឈើ ចាប់ផ្ដើមបើកនៅម៉ោង ៥ ល្ងាច ប៉ុន្តែជាក់ស្ដែង មុនផ្សារបើក ២ ម៉ោង មនុស្សរាប់ពាន់នាក់ បាននាំគ្នាមកឈរចាំនៅមុខច្រកទ្វាររួចជាស្រេច ដើម្បីចាំយកស្លឹកឈើ ទៅចាយទិញដូរអីវ៉ាន់នៅក្នុងផ្សារ។ គួរបញ្ជាក់ថា ស្លឹកពោធិ៍សរុបទាំងអស់មានចំនួនជាង ៥ ពាន់សន្លឹក ដោយមនុស្សម្នាក់អាចទទួលបានចំនួន ៥ សន្លឹកដើម្បីដូរជាមួយនឹងទំនិញដែលមានដាក់លក់ក្នុងផ្សារ៕
ប្រភព៖ VNEXPRESS