ប្រសើរណាស់! ពេលនេះពាក្យ «សៀមរាប» ជាភាសាខ្មែរ អាចស្វែងរកឃើញនៅក្នុង TikTok វិញហើយ
ប៉ុន្មានថ្ងៃកន្លងទៅនេះ មហាជននៅតាមបណ្តាញសង្គម ពិសេសអ្នកលេងបណ្តាញសង្គម TikTok បានមានការភ្ញាក់ផ្អើល និង បារម្ភជាខ្លាំង បន្ទាប់រកឃើញថាពួកគេមិនអាចស្វែងរកពាក្យ «សៀមរាប» ជាភាសាខ្មែរនៅក្នុងបណ្តាញសង្គម TikTok។
ជាមួយគ្នានេះ ភ្លាមៗមហាជនបាននាំគ្នាចែករំលែកពីការស្វែងរកមិនឃើញ ក៏ដូចជាបាត់ពាក្យនេះយ៉ាងសុះសាយពេញបណ្តាញសង្គម ធ្វើឱ្យបងប្អូនយើងមួយចំនួនក៏បានជួយឈឺឆ្អាល ដោយបានប្រញាប់ផ្តល់ដំណឹងទៅកាន់ក្រុមហ៊ុន TikTok ដើម្បីឱ្យគេមើលលើបញ្ហានេះផងដែរ។
ដោយឡែក មិនយូរប៉ុន្មាន ក្រោយពីការផ្តល់ដំណឹងទៅកាន់ក្រុមហ៊ុន TikTok ពេលនេះពាក្យថា «សៀមរាប» ជាភាសាខ្មែរ អាចស្វែងរកឃើញក្នុងបណ្តាញសង្គម TikTok វិញហើយ ដោយយើងអាចសរសេរស្វែងរកពាក្យនេះនៅលើស្វែងរកបានដូចដើម។ ពេលនេះ មហាជនទាំងឡាយក៏បានធូរស្បើយចិត្ត ព្រោះពាក្យថា «សៀមរាប» គឺសម្ដៅទៅដល់ទឹកដីដ៏អច្ឆរិយៈរបស់កម្ពុជាដែលសម្បូរទៅដោយតំបន់កម្សាន្ត និង សម្បត្តិបេតិកភណ្ឌពិភពលោក៕