ដើម្បីរក្សាអត្តសញ្ញាណខ្មែរ លោកយាយ នាម វឿន ចងក្បិនអង្គុយត្បាញកន្ទេលផ្អាវយ៉ាងសមសួន
ថ្មីៗនេះ គណនីហ្វេសប៊ុករបស់លោកជំទាវ ទាយ អេង ដែលជាភរិយារបស់ឯកឧត្តម ទៀ សីហា បានចេញមកបង្ហោះវីដេអូលោកយាយម្នាក់មានឈ្មោះថា នាម វឿន ដែលជាអ្នកចំណានខាងផ្នែកត្បាញកន្ទេលដើមផ្អាវរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
វីដេអូនោះ បានបង្ហាញឱ្យឃើញការថែរក្សាវប្បធម៌ជាតិតាមរយៈការស្លៀកពាក់ក្បិនយ៉ាងស្រស់ស្អាតទៅតាមបែបបុរាណកាលរបស់លោកយាយ ដែលអង្គុយត្បាញកន្ទេលយ៉ាងសមសួនជានារីខ្មែរ។ ជាការពិតណាស់ នាពេលបច្ចុប្បន្នការចងក្បិនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃគឺពុំសូវមានការពេញនិយមពីសំណាក់បងប្អូនខ្មែរឡើយ លុះត្រាតែមានពិធីបុណ្យ ពិធីការផ្សេងៗទើបមានការនិយមប្រើ។
ដោយឡែក សម្រាប់លោកយាយ នាម វឿន ដោយមើលឃើញថាយុវវ័យសម័យថ្មីពុំសូវស្គាល់ និង ចាប់អារម្មណ៍ទើបលោកបានស្លៀកក្បិនយ៉ាងស្រស់ស្អាតអង្គុយត្បាញកន្ទេលផ្អាវ ដើម្បីក្មេងជំនាន់ក្រោយបានឃើញ និង ចេះរក្សានូវអត្តសញ្ញាណជាតិរបស់ខ្លួន។ យ៉ាងណាមិញ តាមរយៈការបង្ហោះវីដេអូនោះ គេឃើញថាមានបងប្អូនខ្មែរជាច្រើនសម្ដែងក្តីពេញចិត្ត និង សរសើរចំពោះលោកយាយដែលមានគំនិតអភិរក្សការស្លៀកពាក់បែបចងក្បិន និង បង្ហាញនូវតម្បាញកន្ទេលផ្អាវដែលជាការងារហត្ថកម្មរបស់ប្រជានិករខ្មែរ៕