មុនគេមុនឯង! នៅខាងកោះប្រាក់ កៀនស្វាយ រៀបចំតុបតែងស្អាតបណ្ដើរៗហើយ ត្រៀមស្វាគមន៍ចូលឆ្នាំខ្មែរ
គិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះ មានរយៈពេលជិតមួយខែទៀត ទម្រាំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ពោលគឺឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២:២៤ នាទីយប់។
កៀកថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីដែលខិតជិតមកដល់នេះ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានអ្នកភូមិចាប់ផ្ដើមរៀបចំតុបតែងចងក្រណាត់ចម្រុះពណ៌ និងទង់ជាតិខ្មែរតាមដងផ្លូវ មុនគេបណ្ដើរៗ ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
គួរឱ្យដឹងផងដែរថា ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម មហោធរទេវី ឬ មហោទរាទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម គង់នៅចតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ៕
រូបភាព: PheaRom