គិតត្រឹមព្រឹកថ្ងៃទី ១៧ នេះ ស្ថានភាពភ្លើងឆេះព្រៃនៅជួរជើងភ្នំបូកគោបានរលត់ហើយ និង បង្កផលប៉ះពាល់ប៉ុណ្ណេះ
កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ មានករណីភ្លើងឆេះព្រៃមួយបានកើតឡើងនៅចំណុចទឹកចេញ ត្រង់និយាមកា ៤០៥៧០៥/១១៧៥៣២១ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
តាមការឱ្យដឹងពីក្រុមការងារការិយាល័យឧទ្យានជាតិ និងមន្ត្រីស្នាក់ការទឹកឈូ បានឱ្យដឹងថា ពេលនេះក្រុមការងារបាន និង កំពុងចុះត្រួតពិនិត្យទប់ស្កាត់ ហើយចំពោះទីតាំងឆេះនោះដោយសារមានស្ថានភាពជាស្បូវ និង អន្សង់ មានចំណោតចោទខ្លាំង គ្មានផ្លូវរថយន្តអគ្គីភ័យចូលបាន ក្រុមការងារបាន និង កំពុងបន្តតាមដាន និង ព្យាយាមពន្លត់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង និង បន្តស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ នេះ យោងតាមផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ដែរអំពីមូលហេតុនៃការឆេះព្រៃនេះ គឺដោយសារអាកាសធាតុក្តៅ ហើយមិនមានផ្លូវឡានចូលពន្លត់។ ជាមួយគ្នានេះដែរ ក៏មានការបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ នេះ ស្ថានភាពភ្លើងឆេះព្រៃបានរលត់ហើយ។
ចំពោះការប៉ះពាល់ បើតាមការដកស្រង់ពីប្រភពដដែលបានឱ្យដឹងថា មានការប៉ះពាល់ទៅលើដំណាំ និង ព្រៃឈើប្រហែល ៤០ ហិចតា និង ភ្លើងឆេះព្រៃនេះមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕
ប្រភព ៖ មន្ទីរបរិស្ថាន ខេត្តកំពត និង ស្នងការដ្ឋាននគរបាលខេត្តកំពត