ស្វាយខ្មែរត្រូវប៉ាន់! ជប៉ុនយកស្វាយខ្មែរផលិតធ្វើភេសជ្ជៈ ដាក់លក់ដាច់ខ្លាំងនៅជប៉ុនរហូតដាច់ស្តុក
ផ្លែស្វាយរបស់ខ្មែរ ពេលនេះកំពុងតែផ្ទុះការពេញនិយមជាខ្លាំង បន្ទាប់ពីជប៉ុនបាននាំយកស្វាយខ្មែរទៅច្នៃផលិតធ្វើជាភេសជ្ជៈមានរសជាតិឆ្ងាញ់ជាប់មាត់ និង បានដាក់លក់តាមវិបសាយ shop.umenoyado ព្រមទាំងតាមបណ្ដាម៉ាតនានា ដែលផ្ទុះការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនជប៉ុន ក៏ដូចជាបងប្អូនខ្មែរកំពុងរស់នៅប្រទេសជប៉ុន។
ដំណឹងដ៏សែនរីករាយនេះដែរ ត្រូវបានផ្សព្វផ្សាយឡើងដោយម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Sem Na Vy (សែម ណាវី) ដែលអ្នកស្រីត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន Sisyphus.inc។ អ្នកស្រី សែម ណាវី បានឱ្យដឹងតាមការបង្ហោះលើគណនីហ្វេសប៊ុកថា ទឹកភេសជ្ជៈរបស់ជប៉ុនដែលច្នៃចេញពីផ្លែស្វាយរបស់ខ្មែរយើង គឺលក់ដាច់ខ្លាំងរហូតដាច់ស្តុក ស្វែងរកទិញទម្រាំតែបាន។
អ្នកស្រី ណាវី បានឱ្យដឹងបន្តទៀតថា កន្លងទៅនេះខាងក្រុមហ៊ុនជប៉ុនបានមកពិភាក្សាជាមួយអ្នកស្រី ដើម្បីរកវិធីសាស្ត្រនាំយកស្វាយខ្មែរទៅកាន់ជប៉ុនឱ្យបានកាន់តែច្រើន ព្រោះផ្លែស្វាយយើងមានរសជាតិឆ្ងាញ់ជាងប្រទេសជិតខាងយើងដាច់។
អ្នកស្រី សែម ណាវី បានបន្ថែមទៀតថា កាលពីឆ្នាំមុន ខាងក្រុមហ៊ុននៅជប៉ុនបាននាំស្វាយខ្មែរទៅកាន់ប្រទេសជប៉ុនចំនួន ២០០ តោន ហើយសម្រាប់ឆ្នាំនេះ គេមានគម្រោងនាំចូលជប៉ុនចាប់ពី ៣០០ តោន ទៅ ៥០០ តោន ឬ អាចច្រើនជាងនេះ បើសិនអាចទទួលបានការសហការណាមួយពីប្រទេសខ្មែរ៕