ស្បៀងអាហារជាសកលកំពុងជួបបញ្ហា ឥលូវអ្នកវិទ្យាសាស្ត្រជំរុញឱ្យញ៉ាំសាច់ពស់ថ្លាន់ ព្រោះសម្បូរប្រូតេអ៊ីនខ្ពស់
តាមការសិក្សាថ្មីបានបង្ហាញថា សាច់សត្វពស់ថ្លាន់ គឺមានគុណភាពខ្ពស់ និងពោរពេញដោយប្រភពប្រូតេអ៊ីន ខណៈឧស្សាហកម្មកសិកម្មជាសកលកំពុងប្រឈមនឹងបញ្ហាជាច្រើន។
កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ តាមការសិក្សាថ្មីមួយ ដែលបានចេញផ្សាយលើ Scientific Reports បានបង្ហាញថា សាច់ពស់ថ្លាន់ចិញ្ចឹម អាចជាជម្រើសមួយជំនួសសាច់ដែលកំពុងពេញនិយមសព្វថ្ងៃនេះ នៅពេលដែលការផ្គត់ផ្គង់ស្បៀងអាហារ ត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយការផ្លាស់ប្ដូរបរិស្ថាន។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃលើអត្រាកកើតនៃសត្វពស់ថ្លាន់ រីថីកឃ្យូឡេត (Reticulated python) និង ពស់ថ្លាន់ភូមា (Burmese python) ក្នុងកសិដ្ឋានចិញ្ចឹមនាប្រទេសថៃ និង វៀតណាម ដោយរកឃើញថា ពួកវាបានធំធាត់លឿនក្នុងរយៈពេល ១ ឆ្នាំ បើទោះជាពួកវា មិនសូវស៊ីចំណីច្រើនដូចសត្វចិញ្ចឹមយកសាច់ដទៃក៏ដោយ។ លោក Daniel Natusch អ្នកជំនាញនៅឯមហាវិទ្យាល័យ Macquarie ប្រទេសអូស្ត្រាលី បាននិយាយថា៖ «ជំងឺរាតត្បាត ធនធានប្រែប្រួល បម្រែបម្រូលអាកាសធាតុ កង្វះនិរន្តរភាព បាននឹងកំពុងនាំទៅរកភាពបរាជ័យនៃប្រព័ន្ធកសិកម្មសព្វថ្ងៃនេះ។ ពួកយើងត្រូវការចិញ្ចឹមមនុស្សលើភពផែនដី ហើយប្រូតេអ៊ីនខ្ពស់គឺជាប្រភពដែលមានកំណត់។ ពស់ថ្លាន់ គឺសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយយើង ក្នុងការដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមទាំងនោះបាន»។
គួរឱ្យដឹងថា សាច់សត្វពស់ថ្លាន់ ត្រូវបានបណ្ដាប្រទេសមួយចំនួនទទួលទាន ជាពិសេសបណ្ដាប្រទេសនៅតំបន់អាស៊ី យ៉ាងណាមិញ ការចិញ្ចឹមសត្វល្មូនប្រភេទនេះយកសាច់ គឺនៅមានកម្រិតតូចនៅឡើយ។ ថ្លែងជុំវិញបញ្ហានេះ លោក Natusch បានបន្ថែមទៀតថា៖ «មនុស្សរាប់ពាន់លាននាក់ជុំវិញពិភពលោក បានចាត់ទុកសាច់ពស់ថ្លាន់នេះ ជាប្រភពនៃសាច់សម្រាប់ទទួលទាន លើកលែងតែបណ្ដាប្រទេសនៅលោកខាងលិចប៉ុណ្ណោះ។ សម្រាប់មនុស្សជាច្រើន សាច់ពស់ថ្លាន់គឺមិនមែនជាបញ្ហាអ្វីឡើយ ប៉ុន្តែសម្រាប់អ្នកខ្លះ ទាមទារការព្យាយាមសាកសិន។ វាមិនខុសអីពីអាហារទូទៅផ្សេងៗឡើយ អ្នកខ្លះចូលចិត្ត ហើយអ្នកខ្លះក៏មិនចូលចិត្ត ប៉ុន្តែប្រសិនបើយើងពិតជាចង់ ប្រសិនបើពួកគេគិតគូរពីភពផែនដី ចង់ឱ្យផែនដីមាននិរន្តរភាព ពួកគេគួរតែពិចារណាញ៉ាំសាច់ពស់ថ្លាន់ ជំនួសសាច់គោ ឬក៏សាច់មាន់»។
គួរបញ្ជាក់ថា ដើម្បីសិក្សាពីការចិញ្ចឹមសត្វពស់ថ្លាន់ លោក Natusch រួមទាំងក្រុមការងាររបស់លោក បានចុះសិក្សាលើពស់ថ្លាន់ចំនួន ៤ ៦០១ ក្បាល។ សត្វពស់ទាំងនោះ ត្រូវបានគេចិញ្ចឹមដោយឱ្យសត្វកណ្តុរ និងចំណីត្រីឱ្យវាស៊ីរៀងរាល់សប្ដាហ៍។ អ្នកវិទ្យាសាស្ត្រទាំងនេះ ថែមទាំងបានតាមដានការលូតលាស់របស់វាក្នុងរយៈពេលមួយឆ្នាំទៀតផង ដោយជាលទ្ធផល ពួកគេរកឃើញថា ពស់ថ្លាន់ កើនទម្ងន់ជាមធ្យម ៤៦ ក្រាមក្នុងមួយថ្ងៃ ដោយពស់ញីលូតលាស់លឿនជាងពស់ឈ្មោល។
បន្ទាប់មក ពួកគេក៏បានរកឃើញទៀតថា រាល់ចំណីចំនួន ៤.១ ក្រាមដែលវាស៊ី យើងអាចបានសាច់ពស់ចំនួន ១ ក្រាម។ គួរបញ្ជាក់ថា បើទោះបីជាពស់ថ្លាន មិនស៊ីអ្វីក្នុងរយៈពេល ២០ ទៅ ១២៧ ថ្ងៃក៏ដោយ តែវាស្រកគីឡូតិចតួចបំផុត ហេតុដូចនេះហើយ ទើបអ្នកវិទ្យាសាស្ត្រអះអាងថា សាច់ពស់ថ្លាន់ គឺជាជម្រើសអាហារដែលមាននិរន្តរភាពបំផុត៕