សប្បាយជុំគ្រួសារឱ្យណាណី! បុណ្យចូលឆ្នាំថ្មី ឆ្នាំរោងនេះ មានរយៈពេល ៤ ថ្ងៃ ខុសពីឆ្នាំកន្លងទៅដែលមានតែ ៣ ថ្ងៃ
តាមរយៈសៀវភៅមហាសង្ក្រាន្តឆ្នាំរោង រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ បានបញ្ជាក់ឱ្យបានដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ មានរយៈពេល ៤ ថ្ងៃ ដែលមានដូចជា ៖
– ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ.ស.២០២៤ ជាថ្ងៃចូលឆ្នាំរោង ឆស័ក
– ថ្ងៃអាទិត្យ ៦ កើតខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស.២០២៤ ជាវារៈវន័បត
– ថ្ងៃចន្ទ ៧ កើតខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ មេសា គ.ស.២០២៤ ជាវារៈវន័បត
– ថ្ងៃអង្គារ ៨ កើតខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ.ស.២០២៤ វេលាម៉ោង ០២ និង ១៥ នាទី ០០ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២:២៤ នាទីយប់។
ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម មហោធរទេវី ឬ មហោទរាទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម គង់នៅចតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ៕
ប្រភព ៖ សៀវភៅមហាសង្ក្រាន្តឆ្នាំរោង រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ