មកដឹងប្រវត្តិបុរសរស់នៅក្នុងសួតដែក ញញឹមតស៊ូរស់ ប្រឹងរៀនសូត្រ រហូតក្លាយជាមេធាវី និងអ្នកនិពន្ធដ៏គំរូ
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើន បានសម្ដែងក្ដីក្រៀមក្រំ ក្រោយទទួលដំណឹងថា លោក Paul Alexander ដែលមហាជនជាច្រើនស្គាល់ថា ជាបុរសតស៊ូបំផុតក្នុងជីវិត ចំណាយពេលជាង ៧ ទសវត្សរ៍ រស់នៅក្នុងសួតដែក បានទទួលមរណភាពហើយនៅវ័យ ៧៨ ឆ្នាំ។
ដំណឹងដ៏សោកសៅនេះដែរ ត្រូវបានប្រកាសដោយ GoFundMe ដោយឥលូវនេះនឹងឈប់ទទួលជំនួយបន្តទៀតហើយ។ បើតាមការប្រកាស បានរៀបរាប់ថា៖ «Paul Alexander ដែលជាបុរសរស់នៅក្នុងសួតដែក បានលាចាកពិភពលោកហើយកាលពីម្សិលមិញ ក្រោយតស៊ូព្យាយាមបន្តជីវិតរស់នៅនឹងធឹងមួយកន្លែងអស់រយៈពេលជាង ៧០ ឆ្នាំមកនេះ….»។
លោក Paul Alexander ត្រូវរស់នៅក្នុងសួតដែក រយៈពេលជាង ៧០ ឆ្នាំ ក្រោយលោកកើតមានជំងឺ ប៉ូលីយ៉ូ (polio) រហូតពិការ ក្នុងឆ្នាំ ១៩៥២។ ជាក់ស្ដែង រូបលោកមិនអាចកំរើកក្បាល ក និង មាត់ បានឡើយ ហើយថែមទាំងសឹងនឹងអស់ជីវិតទៀត មុនពេលក្រុមគ្រូពេទ្យសម្រេចដាក់លោកនៅក្នុងសួតដែកនោះ។
ដំណើរជីវិតដ៏លំបាករបស់លោក Paul Alexander ទទួលបានការស្ញប់ស្ញែងជាខ្លាំងពីសំណាក់មហាជនស្ទើរពាសពេញពិភពលោក ព្រោះថា ទោះបីជាជីវិតរបស់លោកមិនអាចទៅណាបានដូចមនុស្សប្រក្រតីក៏ពិតមែន ប៉ុន្តែរូបលោកនៅតែអាចញញឹមប្រឹងរស់បន្ត និង ថែមទាំងអាចសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ សម្រេចក្ដីស្រមៃក្លាយជាមេធាវី និង អ្នកនិពន្ធថែមទៀតផង។
ជាក់ស្ដែង នៅវ័យ ២១ ឆ្នាំ លោក Paul បានក្លាយជាមនុស្សដំបូងគេបំផុត ដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Dallas ដោយមិនចាំបាច់មានវត្តមានក្នុងសាលា។ ក្រោយមក លោកបានជាប់ទទួលឱ្យចូលរៀននៅមហាវិទ្យាល័យ Southern Methodist University នៅ Dallas និងក្រោយមក បន្តចូលរៀនសាលាច្បាប់នៅមហាវិទ្យាល័យ University of Texas។
លោក Paul Alexander បានបន្តប្រឹងប្រែងរៀន រហូតសម្រេចក្ដីស្រមៃក្លាយជាមេធាវីមួយរូប។ បន្ថែមពីនេះ លោកក៏បាននិពន្ធសៀវភៅរៀបរាប់ពីខ្លួនលោក ដែលមានចំណងជើងថា «Three Minutes for a Dog: My Life in an Iron Lung» ដែលជាសៀវភៅចំនួន ១៥៥ ទំព័រ។ សៀវភៅនេះដែរ គឺចាត់ទុកជាសៀវភៅដ៏អស្ចារ្យបំផុត ព្រោះលោកបានចំណាយពេលដល់ទៅ ៥ ឆ្នាំដើម្បីបញ្ចប់ ដោយរាល់ពាក្យពេចន៍ក្នុងសៀវភៅទាំងអស់ លោកប្រើមាត់កាន់ប៊ិចសរសេរដោយខ្លួនឯងផ្ទាល់។
គួរបញ្ជាក់ថា លោក Paul Alexander បានជាប់កំណត់ត្រាក្នុងសៀវភៅ Guinness World Records ជាមនុស្សចំណាយពេលរស់នៅក្នុងសួតដែកបានយូរជាងគេបំផុតលើពិភពលោក។ លោកបានទទួលមរណភាពនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ដោយសារតែឆ្លងមេរោគពីវីរុសកូរ៉ូណា៕