ខ្លួនឯងរកសង្សារមួយមិនបាន តែទៅធ្វើជាមេអណ្ដើក ផ្គូផ្គងឱ្យគេស្រឡាញ់គ្នាជាង ៣០០ គូ
បុរសម្នាក់ ត្រូវឪពុកម្ដាយណែនាំមនុស្សស្រីឱ្យជួបប្រមាណ ២០ នាក់តែបរាជ័យទាំងអស់ បែរមកជោគជ័យលើអាជីពជាមេអណ្ដើកឱ្យគេ ផ្គូផ្គងឱ្យស្រឡាញ់គ្នាបានជាង ៣០០ គូ។
បើនិយាយដល់អាជីពជាមេអណ្ដើកនៅប្រទេសចិន មហាជនភាគច្រើនតែងស្រមៃថា ជាស្ត្រីចំណាស់ ពូកែខាងវោហារ។ យ៉ាងណាមិញ បុរសវ័យ ៣៤ ឆ្នាំ មកពីក្រុង Shijiazhuang ខេត្ត Hebei ប្រទេសចិននេះវិញ ងាកមកចាប់យកអាជីពមួយនេះ ដោយសារតែបទពិសោធបរាជ័យរបស់ខ្លួនឯង។
តាមឱ្យដឹង កាលពីនៅវ័យ ២៧ ឆ្នាំ បុរសខាងលើ គឺនៅមិនទាន់មានសង្សារនឹងគេឡើយ រហូតត្រូវបានអ្នកភូមិស្រុក ហៅថា «កំលោះចាស់ប្រចាំភូមិ»។ សាច់ញាតិលោក គឺបារម្ភខ្លាចលោកអត់ប្រពន្ធ ក្នុងរយៈពេល ២ ឆ្នាំ ណែនាំមនុស្សស្រី ២០ នាក់ មកឱ្យលោក ប៉ុន្តែគ្មានម្នាក់ណាត្រូវចិត្តឡើយ។ នៅពេលនោះ ម្ដាយលោកគឺខឹងខ្លាំងមែនទែន តែងតែស្ដីបន្ទោសលោកថា រើសច្រើនណាស់ ប្រយ័ត្នរស់នៅតែឯងមួយជីវិតទៅ រហូតលោកត្រូវដាក់កំណត់ខ្លួនឯងឱ្យរកមនុស្សស្រីម្នាក់ដែលស័ក្ដិសមដើម្បីរៀបការជាគូអនាគត។
ក្រោយចាយពេលស្វែងរក បុរសរូបនេះ ក៏បានដឹងថា រៀងរាល់ថ្ងៃព្រហស្បតិ៍ពេលរសៀល នាកន្លែងមួយក្នុងក្រុង មាន «Dating Corner» ដែលរៀបចំឡើង សម្រាប់ផ្គូផ្គងមនុស្សប្រុស និងស្រី ឱ្យក្លាយជាគូអនាគតជាមួយគ្នា។ យ៉ាងណាមិញ ពេលដែលលោកបានទៅដល់ទីនោះដំបូង អ្វីដែលលោកបានឃើញ គឺភាគច្រើនជាមនុស្សចាស់ ដែលចង់ស្វែងរកគូឱ្យកូនៗរបស់ពួកគេ ខណៈមនុស្សវ័យក្មេងៗស្របាលលោក គឺកម្រឃើញណាស់។
ក្រោយឃើញបែបនេះ លោកក៏កើតមានគំនិតផ្លាស់ប្ដូរគម្រោង ដោយងាកទៅជួយចាស់ៗ ចុះព័ត៌មានពីកូនៗរបស់ពួកគេ ដើម្បីស្វែងរកគូដែលស័ក្ត័សមបំផុត។ ពីពេលនោះហើយ លោកក៏បានប្រែក្លាយខ្លួនទៅជាមេអណ្ដើកអាជីព។ ក្នុងរយៈពេលត្រឹមមួយខែ លោកបានផ្គូផ្គងគូស្នេហ៍មួយគូបានដោយជោគជ័យ រហូតពួកគេដឹកដៃគ្នាចូលរោងការទៀតផង។
អាជីពរបស់លោកដំបូងឡើយ ត្រូវបានឪពុកម្ដាយបដិសេធមិនពេញចិត្តឡើយ ដោយគិតថាវាជាការងារមនុស្សស្រី ប៉ុន្តែការប្រឹងប្រែងធ្វើការងារដែលខ្លួនឯងពេញចិត្ត បានកែប្រែការគិតរបស់ឪពុកម្ដាយលោក។ ជាក់ស្ដែង នៅខែមេសា ឆ្នាំ ២០១៨ លោក បានលាឈប់ពីការងារក្នុងក្រុមហ៊ុនកុំព្យូទ័រមួយ ដោយផ្លាស់ទៅធ្វើជាមេអណ្ដើកពេញម៉ោង។
គិតមកទល់ពេលនេះ អាជីពជាមេអណ្ដើករបស់លោក បានដំណើរការប្រមាណ ៦ ឆ្នាំហើយ ដោយលោកផ្គូផ្គងឱ្យគេបានដោយជោគជ័យប្រមាណ ៣៤៦ គូ ដែលជាហេតុធ្វើឱ្យលោកមានក្ដីរីករាយជាខ្លាំង។ មានបទពិសោធរាប់ឆ្នាំ នៅទីបំផុតលោកក៏បានទាក់ទាញគូជីវិតឱ្យខ្លួនឯង ដោយបច្ចុប្បន្ន លោកមានប្រពន្ធ និង ទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ៕