ក្រសួងវប្បធម៌ ចេញលិខិតព្រមានផលិតកម្មថោន ផលិតបទ «Team ទឹកត្នោតជូរ» បំពានសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ក៏ដូចជាអ្នកនិយមស្តាប់បទចម្រៀងរបស់លោក ម៉ៅ ហាជី ហាក់មានការចាប់អារម្មណ៍ និង ប្រតិកម្មក្រោយពីលោកបានចេញបទចម្រៀថ្មីមានចំណងជើងថា «Team ទឹកត្នោតជូរ»។
ចម្រៀងនោះដែរ បើទោះស្តាប់ទៅហាក់មានការកំប្លុកកំប្លែង ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមិនពេញចិត្ត ដោយសារតែបទនេះបានលើកយកទំនុកភ្លេងនៃបទ «ដែនដីខ្មែរ» ដែលជាស្នាដៃព្រះរាជនិពន្ធរបស់ សម្តេចព្រះសុមេធាធិបតីជោតេញ្ញាណោ ជួន ណាត មកកែប៉ារ៉ូលថ្មីដែលនាំឱ្យស្នាដៃបទនេះបាត់បង់តម្លៃស្នាដៃមរកតដើម។
យ៉ាងណាមិញ ងាកទៅមើលមហាជនវិញ បានផ្ទុះការរិះគន់ និង វែកញែកព្រោងព្រាតទៅកាន់តារាចម្រៀង ម៉ៅ ហាជី ដែលជាតារាស្ថិតក្រោមផលិតកម្មថោន។ ដោយឡែក ដោយមើលឃើញថាការលើកយកបទជាតិមកច្រៀងកម្សាន្តបែបថ្មីខុសទម្រង់ដើម និង មានការរិះគន់ពីមហាជនខ្លាំងផងនោះ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញលិខិតព្រមានទៅកាន់ផលិតកម្មថោន ដែលបានរំលោភសិទ្ធិសីលធម៌របស់អ្នកនិពន្ធ និង យកបទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និង ប្រជាជនទៅបំភ្លៃ ដោយពុំមានខ្លឹមសារអប់រំ និង គ្មានប្រយោជន៍សម្រាប់សង្គម។ ក្នុងនោះ ក្រសួងក៏សុំឱ្យផលិតកម្មថោន លុបចោលបទចម្រៀងនោះជាបន្ទាន់ផងដែរ។
សូមអានសេចក្តីលម្អិតរបស់ក្រសួងខាងក្រោម៖