លោកយាយអាយុ ១១៧ ឆ្នាំ ទម្លាយអាថ៌កំបាំង «ចង់អាយុវែង ផ្ដាច់ខ្លួនឱ្យឆ្ងាយពីមនុស្ស Toxic»
កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ស្ត្រីវ័យចំណាស់ជាងគេលើពិភពលោក ដែលជាប់ឈ្មោះលើសៀវភៅ Guinness World Records កាលពីឆ្នាំ ២០២៣ កន្លងទៅ បានកើនអាយុ ១ ឆ្នាំទៀតហើយ ដោយពេលនេះលោកយាយ មានវ័យ ១១៧ ឆ្នាំ។
លោកយាយ Maria កើតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ១៩០៧ នាទីក្រុង San Francisco សហរដ្ឋអាមេរិក។ យ៉ាងណាមិញ លោកយាយបានផ្លាស់ទៅរស់នៅប្រទេសអេស្ប៉ាញជាមួយក្រុមគ្រួសារ ពេលអាយុបាន ៨ ឆ្នាំ ដោយស្ទាក់នៅក្នុងតំបន់ Catalonia។ លោកយាយ បានរៀបការជាមួយគ្រូពេទ្យម្នាក់ឈ្មោះ Joan Moret ក្នុងឆ្នាំ ១៩៣១ និងទទួលបានកូនៗចំនួន ៣ នាក់ជាចំណងដៃ។
ងាកមកជីវិតពេលបច្ចុប្បន្នរបស់លោកយាយវិញ បើទោះបីជាពេលនេះ លោកយាយពិបាកស្ដាប់ និង ផ្លាស់ទីទៅណាមកណាក៏ពិតមែន ប៉ុន្តែលោកយាយ Maria គឺមិនដែលចេះឈឺធ្ងន់ ឬ មានជំងឺប្រចាំកាយអ្វីនោះឡើយ។ ដោយសារលោកយាយមានសុខភាពល្អបែបនេះហើយ ទើបបណ្ដាលឱ្យអ្នកស្រាវជ្រាវសម្រេចធ្វើតេស្តបែបវិទ្យាសាស្ត្រ ដើម្បីស្វែងរកអាថ៌កំបាំងពីក្រោយអាយុដ៏វែងរបស់លោកយាយ និងក្នុងបំណងចង់បង្កើតថ្នាំដែលអាចជួយព្យាបាលជំងឺទាក់ទងនឹងវ័យនេះផងដែរ។
ជាក់ស្ដែង អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Manel Esteller ដែលបានធ្វើការសម្ភាសនិយាយជាមួយលោកយាយ Maria បានថ្លែងប្រាប់សារព័ត៌មាន ABC ថា ទោះបីជាវ័យជ្រេខ្លាំងក៏ពិតមែន ប៉ុន្តែលោកយាយនៅមានការចងចាំល្អណាស់។ គាត់នៅចងចាំរឿងចាស់ៗ ដោយរឿងខ្លះតាំងពីគាត់នៅអាយុត្រឹម ៤ ឆ្នាំក៏គាត់នៅនឹកឃើញដែរ។ មួយវិញទៀត លោកយាយ Maria ក៏គ្មានរោគសញ្ញានៃជំងឺសរសៃឈាមបេះដូងឡើយ ដែលជាជំងឺមួយជាទូទៅតែងកើតលើមនុស្សវ័យចំណាស់នោះ។
បើតាមអ្នកវិទ្យាសាស្ត្រដដែល បានឱ្យដឹងទៀតថា ការដែលលោកយាយមានអាយុវែងនេះ ផ្នែកមួយអាចមកពីកត្តាហ្សែន ដោយសារសមាជិកមួយចំនួនក្នុងគ្រួសារគាត់ គឺមានអាយុលើស ៩០ ឆ្នាំ។ យ៉ាងណាមិញ បើតាមលោកយាយ Maria ផ្ទាល់ បានចែករំលែកអាថ៌កំបាំងដែរថា ក្រៅពីមានហ្សែនល្អហើយនោះ កត្តាមួយចំនួនទៀតក៏អាចធ្វើឱ្យយើងរស់នៅបានយូរផងដែរ។ កត្តាទាំងនោះមានដូចជា «រស់នៅដោយភាពស្ងប់ស្ងាត់ មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ មិត្តភក្តិ ចាយពេលវេលាជាមួយធម្មជាតិ មានផ្លូវអារម្មណ៍នឹងនរ គ្មានទុក្ខព្រួយ គ្មានការស្ដាយក្រោយ គិតតែរឿងវិជ្ជមាន និង ផ្ដាច់ខ្លួនឱ្យឆ្ងាយពីមនុស្ស Toxic»។
គួររំឭកផងដែរថា លោកយាយ Maria បានទទួលតំណែងជាមនុស្សវ័យចំណាស់ជាងគេលើលោក កាលពីខែមករា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយលោកយាយ Lucile Randon ដែលមានវ័យ ១១៨ ឆ្នាំ បានទទួលមរណភាពទៅ៕