អ្នកមិនដឹងចេះតែហូបទៅ! នៅវៀតណាម លេងចាក់ជើងមាន់នៅនឹងដី រួចដើរជាន់មួយទំហឹងគ្មានអនាម័យសោះ
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមវៀតណាម កំពុងតែផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទៅវិធីធ្វើជើងមាន់ហឹររបស់រោងចក្រមួយកន្លែង ដែលមិនស្អាតសមរម្យ ដោយមានការចាក់ជើងមាន់ទៅនឹងដី រួចយកជើងរាយ មុននឹងច្រកដាក់ថង់។
ក្នុងនោះ តាមវីដេអូបានបង្ហាញឱ្យឃើញថា គេបានយកជើងមាន់ជាច្រើន មកចាក់នៅលើដី នៅក្នុងបន្ទប់មួយ ដែលមើលទៅមិនសូវជាស្អាតប៉ុន្មាននោះទេ។ លើសពីនេះទៅទៀត ថែមទាំងមានបុរសម្នាក់ បានពាក់ស្បែកជើងផ្ទាត់ ព្រមទាំងជាន់ជើងមាន់ រាយចុះរាយឡើង ឱ្យពាសពេញកន្លែងចាក់នោះឯង មើលទៅពិតជាខ្វះអនាម័យខ្លាំងណាស់។
ដោយឡែក មហាជនវិញ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំជើងមាន់ ម្នាក់ៗឃើញហើយបើកភ្នែកសស្លែតតែម្តង ព្រោះមិននឹកស្មានថារបស់ដែលខ្លួនចូលចិត្ត ត្រូវគេផលិតដោយខ្វះអនាម័យខ្លាំងយ៉ាងនេះ។ ឯអ្នកខ្លះទៀតក៏បានឱ្យដឹងថា ពេលខ្លួនញ៉ាំម្តងចេះតែធំក្លិនជ័រ តាមពិតគឺសង្ស័យមកពីស្បែកជើងផ្ទាត់នេះឯង។ ចំណែកមួយចំនួនទៀតក៏បាននិយាយលេងសើចបន្ថែមថា នេះគឺជាជើងមាន់រសជាតិថ្មី គឺជើងមាន់រសជាតិជើងមនុស្ស៕