ចេះដូចមនុស្ស! ឆ្មាមួយក្បាល នៅជាមួយព្រះសង្ឃ ចេះសុំសីល អង្គុយសមាធិស្ដាប់ធម៌ ថែមទាំងស៊ីបួសទៀត
មហាជនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសត្វឆ្មាមួយក្បាល ជាសត្វចម្លែកគួរឱ្យសរសើរ ដែលចេះសុំសីល អង្គុយសមាធិស្តាប់ធម៌ ហើយថែមទាំងស៊ីបួសទៀតផង។
ព្រះសង្ឃជាជនជាតិថៃ ជាម្ចាស់បានឱ្យដឹងថា ឆ្មាមួយក្បាលនេះមានឈ្មោះថា Jiwon លោកជាអ្នកដាក់ឱ្យផ្ទាល់។ ដើមឡើយមានញាតិញោមយកមកឱ្យនៅវត្ត ព្រោះមានរឿងនៅផ្ទះចិញ្ចឹមមិនបាន។ ដំបូងឡើយ លោកក៏ប្រកែកមិនចង់ចិញ្ចឹមនោះទេ ព្រោះលោកជាមនុស្សមិនចូលចិត្តឆ្មា តែដោយសារតែអាណិត ក៏សម្រេចចិត្តចិញ្ចឹមមួយរយៈ។
ក្រោយមកព្រះសង្ឃជាម្ចាស់ បានសង្កេតឃើញថា ឆ្មានេះមានចរិតខុសពីឆ្មាដទៃ ដោយវាតែងតែឡើងមកលើកុដ្ឋ ដើម្បីអង្គុយស្ងៀមៗស្តាប់ធម៌ ហើយពេលខ្លះដូចជាអង្គុយសមាធិទៀតផង។ វាជាឆ្មាដែលមានចរិតស្លូតបូតណាស់ មិនដែលទៅរត់លេងផ្តេសផ្តាស ឬទៅគំរាមឆ្មាដទៃនោះទេ ហើយវាក៏មិនស៊ីសាច់ដូចជាសត្វដទៃដែរ គឺវាស៊ីតែបន្លែប៉ុណ្ណោះ។
យ៉ាងណាមិញ មកទល់ពេលនេះ ព្រះសង្ឃខាងលើ ពិតជាស្រឡាញ់ឆ្មាមួយក្បាលនេះណាស់ ផ្ទុយស្រឡះពីដើមដែលតែងមិនចូលចិត្តឆ្មា។ ហើយលោកក៏បានថែរក្សាវាយ៉ាងអស់ពីចិត្ត ដោយមានទាំងការស្លៀកពាក់ខោអាវ តែងខ្លួនឱ្យយ៉ាងសមរម្យទៅតាមអ្នកបួសទៀតផង៕