ទៅលេងឆ្នេរព្រះសីហនុ ឃើញគេចងអង្រឹងដាក់តុកៅអីអាចឱ្យគេយកចេញ បើម្ចាស់មិនរើចេញ ឬ ប្រើសម្ដីមិនសម ទាក់ទងទៅលេខនេះភ្លាម
តាមរយៈផេក ប្រជាជនខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា ករណីបងប្អូនពលរដ្ឋ ឬ ភ្ញៀវមកលេងរកកន្លែងម្លប់សម្រាក បើមានឃើញគេចងអង្រឹង ឬ ដាក់តុកៅអី អាចឱ្យគេយកចេញ បើម្ចាស់មិនរើចេញ ឬ ប្រើសម្ដីមិនសមរម្យណាមួយ សូមទាក់ទងលេខ ០៩៦ ៧២៣ ៦៦០០ ឬថតរូបរាយការណ៍ទៅតេលេក្រាម https://t.me/+Wyumgy4ryfY0NmU1 «ប្រជាជនខេត្តព្រះសីហនុ»។
សូមបញ្ជាក់ផងដែរថា ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរសមុទ្រសាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺមិនមានការបង់ប្រាក់នោះទេ ដោយបងប្អូនអាចក្រាលកន្ទេល ឬ តង់សម្រាប់អង្គុយលេង ឬ ពិសារម្ហូបអាហារបាន។
ក្នុងនោះ រដ្ឋបាលក្រុងព្រះសីហនុ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ឆ្នេរសាធារណៈនៅព្រះសីហនុមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ ដូច្នេះបើក្នុងករណីបងប្អូនជួបប្រទះការទារលុយកាក់ ក៏អាចទាក់ទងក្រុមការងារ៖ ០៩៦ ៧២៣ ៦៦០០៕