នៅទីណាក៏មិនភ្លេចកំណើត! កូនខ្មែរអ្នកផលិតមាតិកា ៣ រូបនេះ តែងផ្សព្វផ្សាយពីខ្មែរឱ្យបរទេសស្គាល់ គួរឱ្យសរសើរ
បើនិយាយពីការផលិតមាតិកាលើបណ្ដាញសង្គម មិនថាបណ្ដាលញសង្គមហ្វេសប៊ុក TikTok ឬក៏ Instagram នោះឡើយ ឃើញថាកំពុងផ្ទុះការពេញនិយមខ្លាំងមែនទែនពីសំណាក់មហាជនកម្ពុជា មិនថាក្នុងស្រុក ឬអ្នកដែលរស់នៅក្រៅប្រទេស។ ជាក់ស្ដែង អ្នកផលិតមាតិកាខ្លះ បានចែករំលែកវីដេអូពីសកម្មភាពប្រចាំថ្ងៃផ្ទាល់ខ្លួនរបស់ពួកគេ ខណៈមួយចំនួនទៀត បានលើកយកនូវសកម្មភាពចែករំលែកចំណេះដឹង ឬ វប្បធម៌របស់ខ្មែរ ទៅកាន់ប្រទេសក្រៅ ដែលធ្វើឱ្យបងប្អូនខ្មែរជាច្រើនបង្ហាញការស្រឡាញ់ និង សរសើរខ្លាំង។
ថ្ងៃនេះ ប្រជាប្រិយ នឹងលើកយកកូនខ្មែរអ្នកផលិតមាតិកាចំនួន ៣ រូបដែលរស់នៅក្រៅប្រទេស ដែលតែងចែករំលែកវីដេអូផ្សព្វផ្សាយពីខ្មែរទៅកាន់អន្តរជាតិ ទទួលបានការសរសើរ និង ចូលចិត្តខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម។
១. Peachy
ស្រីស្អាត Peachy ដែលជាកូនខ្មែរមួយរូប មានឪពុកជាអ្នកភ្នំពេញ និង ម្ដាយជាអ្នកខេត្តសៀមរាប។ នាង និង ក្រុមគ្រួសារបានចាកចេញពីស្រុកកំណើតទៅរស់នៅប្រទេសអាល្លឺម៉ង់ ដែលជាហេតុធ្វើឱ្យមហាជនជាច្រើន គិតថានាងជាកូនកាត់។ Peachy ផ្ទុះប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គម ជាពិសេសនៅប្រទេសអាល្លឺម៉ង់ផ្ទាល់តែម្តង ដោយរូបនាង តែងតែធ្វើ content ពីប្រទេសកម្ពុជា ផ្សព្វផ្សាយឱ្យបរទេសបានឃើញ។ រាល់មាតិកាដែលនាងបានធ្វើ នាងបានធ្វើការចែករំលែកលើបណ្ដាញសង្គម TikTok, IG និង Youtube។
២. ឈុន សុជាតិ (Chhun Socheat)
ឈុន សុជាតិ គឺជាកូនខ្មែរម្នាក់ នៅប្រទេសអូស្ត្រាលី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនកម្ពុជាផងដែរ។ វីដេអូដែលលោកផ្ទុះការចែករំលែក និង សរសើរខ្លាំងពីមហាជននោះ គឺជាវីដេអូ ដែលលោកបានយកនំល្ពៅខ្មែរ ឱ្យបរទេសភ្លក់ ធ្វើឱ្យពួកគេភាគច្រើនលាន់មាត់សរសើរថាឆ្ងាញ់សឹងគ្រប់គ្នា។ វីដេអូដែលធ្វើឡើងក្នុងបំណងផ្សព្វផ្សាយវប្បធម៌ខ្មែរនេះដែរ ទទួលបានការសរសើរខ្លាំងពីមហាជនអ្នកលេងតាមបណ្ដាញសង្គម។
៣. ឡុង ម៉ូនីកា (Long Monika)
បើនិយាយដល់ឈ្មោះអ្នកនាង ឡុង ម៉ូនីកា អាចនិយាយបានថា មហាជនអ្នកលេងតាមបណ្ដាញសង្គមនៅកម្ពុជាភាគច្រើនស្គាល់ច្បាស់ ព្រោះថាអ្នកនាង គឺជាអ្នកផលិតមាតិកាមួយរូប ដែលមានការស្រឡាញ់ចូលចិត្តតាមដានច្រើន។ អ្នកនាង ឡុង ម៉ូនីកា គឺជាកូនខ្មែរមួយរូប មានស្វាមីជនជាតិអាល្លឺម៉ង់ ដែលបច្ចុប្បន្នអ្នកនាងកំពុងរស់នៅជាមួយស្វាមីឯក្រៅប្រទេស។ អ្វីដែលធ្វើឱ្យអ្នកនាង ទទួលបានការស្រឡាញ់ចូលចិត្តពីមហាជនកម្ពុជានោះ គឺដោយសារតែអ្នកនាង តែងតែបង្ហាញពីវីដេអូធ្វើម្ហូប ដែលភាគច្រើនគឺជាម្ហូបខ្មែរ ឱ្យស្វាមីរបស់អ្នកនាងញ៉ាំ និង តែងតែលាន់មាត់សរសើរថាឆ្ងាញ់គ្រប់មុខម្ហូបតែម្ដង៕