គួរឱ្យស្រឡាញ់! នេះជាក្រុមគ្រួសាររបស់អ្នកផលិតមាតិកាធ្វើម្ហូប ឆម ស្រីផាច តាមពិតនាងគឺជាកូនភ្លោះក្នុងគ្រួសារ
និយាយដល់ការផលិតវីដេអូបង្ហាញមុខម្ហូបទំនងៗបែបជនបទ មហាជនប្រាកដជានឹកឃើញដល់ក្រមុំស្រុកស្រែដ៏សុភាពថ្លៃថ្នូរ ឆម ស្រីផាច ដែលល្បីល្បាញនៅលើបណ្ដាញសង្គម ពូកែខាងច្នៃមុខម្ហូបបែបជនបទ ក្នុងខេត្តបន្ទាយមានជ័យមិនខាន។
ជាការពិត នៅក្នុងវីដេអូបង្ហាញមុខម្ហូបដែលក្រមុំខេត្តបន្ទាយមានជ័យរូបនេះ បង្ហោះនៅលើបណ្ដាញសង្គមកន្លងមក កញ្ញាក៏ធ្លាប់លើកឡើងពីវត្តមាន Cameraman ដែលជាអ្នកថតវីដេអូបង្ហាញពីសកម្មភាពពេលនាងធ្វើម្ហូបដែរ គ្រាន់តែ ស្រីផាច ពុំសូវបង្ហាញមុខ Cameraman រូបនេះ ឱ្យមហាជនបានស្គាល់។
ដោយឡែក ស្រាប់តែថ្មីៗនេះ ស្រីផាច បានបង្ហោះរូបថតជាមួយនឹង Cameraman រូបនេះ ព្រមទាំងបញ្ជាក់ថា លោកគឺជាបងប្អូនភ្លោះជាមួយនាង។ ក្នុងនោះ ស្រីផាច និយាយបែបលេងសើចជាមួយមហាជនថា ៖ «មិនមែនគូស្នេហ៍ទេ គឺ Cameraman ត្រូវជាប្អូនខ្ញុំ (ភ្លោះ)»។
ប្អូនប្រុសភ្លោះរបស់ ស្រីផាច មានសម្បុរសណ្ដែកបាយប្រដំប្រសងគ្នានឹងបងស្រីដែរ ប៉ុន្ដែមុខមាត់ញញឹមស្រស់ មាឌមាំទាំសង្ហាបែបខ្មែរអង្គរ ធ្វើឱ្យនារីៗជាច្រើនតាមសម្លឹងព្រាត។ ក្រៅពីប្អូនប្រុសភ្លោះនេះ រូបនាងក៏នៅមានបងប្រុសម្នាក់ផងដែរ ហើយខាងក្រោមនេះគឺជារូបភាពក្រុមគ្រួសារមាន ឪពុកម្តាយ និង បងប្អូនរបស់នាង៕