រូបភាពខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូលមួយសន្លឹក កំពុងធ្វើឱ្យមហាជនរំជួលចិត្តសឹងមួយផែនដី ព្រោះបង្កប់អត្ថន័យខ្លាំង
ថ្មីៗនេះ រូបភាពមួយសន្លឹករបស់សត្វខ្លាឃ្មុំនៅតំបន់ប៉ូលមួយក្បាល ដែលកំពុងដេកយ៉ាងនៅផ្ទាំងទឹកកក បាន និង កំពុងតែធ្វើឱ្យមហាជនជាច្រើនមានការរំជួលចិត្តខ្លាំង ព្រោះបានបង្ហាញឱ្យឃើញពីវិបត្តិអាកាសធាតុ។
តាមព័ត៌មានបានឱ្យដឹងថា ខាងសារមន្ទី Natural History Museum នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្កើតឱ្យមានការដាក់ប្រកួតរូបភាពសត្វព្រៃប្រចាំឆ្នាំ ដែលមានអ្នកចូលរួមរហូតទៅដល់ជាង ៥០ ០០០ នាក់ឯណោះ។ ក្នុងនោះ មានការសម្រាំងនៅសល់ ២៥ នាក់ប៉ុណ្ណោះ ហើយអ្នកដែលឈ្នះនៅក្នុងឆ្នាំនេះ គឺជា Nima Sarikhani ជាអ្នកថតរូបជនជាតិអង់គេ្លសផ្ទាល់ ដោយរូបភាពរបស់លោក មានឈ្មោះថា Ice Bed ជារូបភាពរបស់ខ្លាឃ្មុំមួយក្បាលនៅតំបន់ប៉ូល ដែលកំពុងដេកលើផ្ទាំងទឹកកកយ៉ាងកម្សត់។ រូបភាពនេះ បានទទួលការបោះឆ្នោតពីមហាជនរហូតដល់ទៅ ៧៥ ០០០ ពិន្ទុឯណោះ ដែលពិន្ទុខ្ពស់បំផុតដែលមិនធ្លាប់មាននោះទេ។
យ៉ាងណាមិញ រូបភាពមួយនេះបានធ្វើឱ្យមហាជនជាច្រើនមានការរំជួលចិត្តអាណិតជាខ្លាំងទៅដល់ពួកសត្វនៅតំបន់ប៉ូល ដែលត្រូវរស់ក្រោមការប្រែប្រួលរបស់អាកាសធាតុ ហើយគេក៏សង្ឃឹមថារូបភាពនេះ នឹងពញ្ញាក់ស្មារតីមនុស្សឱ្យចូលរួមការកែខៃ និង ថែរក្សាធម្មជាតិឡើងវិញផងដែរ៕