ក្លិនទិព្វបាត់មិនបាន! ធ្លាប់ឱបតាំងពីនៅកូនង៉ែត ពេលចូលរៀនហើយក៏នៅលួចខ្នើយសំណព្វចិត្តដាក់តាមកាតាប រហូតគ្រូធុំក្លិនផ្អួរពេញថ្នាក់ទម្រាំរកឃើញ
ថ្មីៗមានរឿងរ៉ាវមួយកំពុងធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមម៉ាឡេស៊ីអស់សំណើច ដែលមានគ្រូម្នាក់ចេះតែឆ្ងល់ថាធំក្លិនផ្អួរៗក្នុងថ្នាក់ ដល់ដឹងការពិតគឺប្រភពក្លិនមកពីខ្នើយឱបសំណព្វចិត្ត ដែលសិស្សក្នុងថ្នាក់ម្នាក់ដាក់មកតាមខ្លួន។
គ្រូរូបនេះបានឱ្យដឹងថា នៅថ្ងៃមួយខ្លួនបានបង្រៀនសិស្សដូចរាល់ដង តែស្រាប់តែធំក្លិនអ្វីម្យ៉ាងហាក់ដូចជាផ្អួរៗរកប្រភពមិនឃើញ ទើបសម្រេចចិត្តឆែកកាតាបសិស្សក្នុងថ្នាក់ទាំងអស់។ ឆែកចុះឆែកឡើង ស្រាប់តែបានក្លិនមកពីកាតាបរបស់សិស្សប្រុសវ័យ ៥ ឆ្នាំម្នាក់ ដល់បើកមើលទៅ ក៏ឃើញមានខ្នើយឱបមួយមានសភាពមើលលែងយល់ទៅហើយ។
យ៉ាងណាមិញ តាមពិតខ្នើយនេះគឺជាខ្នើយសំណព្វចិត្តរបស់សិស្សរូបនេះ ទំនងជាឱបមកតាំងពីតូច ទើបធ្វើឱ្យអត់មិនបានដល់ថ្នាក់វេចមកតាមខ្លួន ហើយមើលទៅគេហាក់មិនខ្ពើមនឹងក្លិន ឬ សភាពរបស់ខ្នើយនោះឡើយ ពោលគឺឱបឱ្យគ្រូមើលយ៉ាងគួរឱ្យស្រឡាញ់តែម្តង។ ដោយឡែក គ្រូឃើញហើយក៏អត់សើចមិនបាន ព្រោះមើលទៅសិស្សស្រឡាញ់ខ្នើយនេះខ្លាំងណាស់ ចំណែកឯម្តាយវិញក៏បានឱ្យដឹងថា ខ្លួនក៏បានសម្អាតខ្នើយឱ្យកូនដែរ តែមិនបានជាប្រចាំ ទើបក្លិនក៏ចេះតែកាន់បែបនេះឯង៕