នៅតែសៀមរាបលេចធ្លោជាងគេ! ចូលឆ្នាំចិន ៣ ថ្ងៃ ខេត្តសៀមរាប មានភ្ញៀវទេសចរបុកចូលកម្សាន្តជិត ១៤ ម៉ឺននាក់
កាលពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បើយោងតាមរបាយការណ៍សកម្មភាព និង ចំនួនទេសចរដើរកម្សាន្តតាមខេត្តទាំង ២៥ ខេត្ត/ក្រុង នៃប្រទេសកម្ពុជា បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរ នៅក្នុងទឹកដីខេត្តសៀមរាប សរុបមានចំនួន ១៣៧ ៦៩០ នាក់។
បើតាមការបង្ហាញចំនួនទេសចរដើរកម្សាន្ត តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង វប្បធម៌បានបង្ហាញថា នៅថ្ងៃទី ៩ ទេសចរជាតិ-អន្ដរជាតិដើរកម្សាន្តតាមប្រាសាទសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ មានចំនួន ២៨ ៩១៥ នាក់។
ចំណែកថ្ងៃទី ១០ មានចំនួន ៤៦ ៣៧១ នាក់ និង ថ្ងៃទី ១១ មានចំនួន ៦២ ៤០៤ នាក់។ ដោយក្នុងនោះ ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និង បន្ទាយស្រី គឺមានទេសសចរទៅកម្សាន្តច្រើនជាងគេ៕
ប្រភព និង រូបភាព ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌