ប្រធានាធិបតីអាមេរិក Joe Biden ចាប់ផ្ដើមលេង TikTok ស្របពេលរដ្ឋាភិបាលបារម្ភរឿងសុវត្ថិភាពទិន្នន័យ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចាប់ផ្ដើមលេងកម្មវិធី TikTok ដោយវីដេអូដំបូងដែលលោកបានបង្ហោះ គឺជាការឆ្លើយសំនួរជុំវិញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោក។
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចាប់ផ្ដើមលេងកម្មវិធី TikTok ដោយគណនីរបស់លោកមានឈ្មោះថា @bidenhq គិតមកទល់ពេលនេះ មានអ្នកចុចតាមដានប្រមាណ ៣៤ ០០០ នាក់ហើយ។ ក្នុងគណនី TikTok របស់លោកនេះដែរ គឺមានវីដេអូតែមួយប៉ុណ្ណោះ ដែលមានរយៈពេលត្រឹម ២៦វិនាទី បង្ហាញពីការឆ្លើយសំនួរមួយចំនួនលើប្រធានបទផ្សេងៗ រាប់ចាប់ពីរឿងនយោបាយ រហូតដល់កីឡាបាល់ទាត់អាមេរិក។
គួរឱ្យដឹងថា ការចូលរួមលេង TikTok របស់ប្រធានាធិបតីអាមេរិករូបនេះ គឺដោយសារតែបណ្ដាញសង្គមមួយនេះ ផ្ទុះការពេញនិយម និង មានការកើនឡើងនៃការប្រើប្រាស់ច្រើនរវាងយុវវ័យក្មេងៗនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ដែរថា រយៈពេលកន្លងមកនេះ រដ្ឋាភិបាលអាមេរិក គឺបានរិះគន់ TikTok ខ្លាំងៗ ដោយចោទថា បណ្ដាញសង្គមមួយនេះ បង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រទេសចិន បើទោះបីជាខាងក្រុមហ៊ុន TikTok បដិសេធក៏ដោយ។ ក្នុងនោះដែរ រដ្ឋជាច្រើននៅអាមេរិក ក៏បានហាមប្រាមមិនឱ្យមានការប្រើប្រាស់កម្មវិធីនេះ ក្នុងជួររដ្ឋាភិបាលរបស់ខ្លួន ដោយសារតែការបារម្ភពីសុវត្ថិភាពទិន្នន័យផងដែរ។
យ៉ាងណាមិញ ចំពោះការសម្រេចចិត្តលេង TikTok របស់លោកប្រធានាធិបតី Joe Biden នេះដែរ ខាងក្រុមប្រឹក្សាយុទ្ធការរបស់លោក បានចេញមកបញ្ជាក់ថា វត្តមានរបស់លោកលើកម្មវិធី TikTok គឺមិនពាក់ព័ន្ធនឹងដំណើរការវាយតម្លៃសុវត្ថិភាពនៃកម្មវិធីនេះឡើយ។ ចំណែកខាងក្រុមហ៊ុន TikTok ផ្ទាល់ ក៏មិនទាន់បានចេញមកនិយាយជុំវិញការចូលរួមលេងរបស់លោកប្រធានាធិបតី Joe Biden នោះដែរ៕ ទស្សនាវីដេអូនៅទីនេះ