សូមប្រុងប្រយ័ត្ន! ទៅហាត់យូហ្គា ត្រូវគ្រូបង្ហាត់សង្កត់ជ្រុលដៃ មានអីបាក់ឆ្អឹងភ្លៅឮសូរផស
ថ្មីៗនេះ ករណីរឿងរ៉ាវរបស់ស្រ្តីម្នាក់នៅក្នុងថ្នាក់ហាត់យូហ្គា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយនាងត្រូវបានគ្រូបង្ហាត់សង្កត់ជ្រុលដៃ បណ្តាលឱ្យបាក់ឆ្អឹងភ្លៅលាន់ឮសូរផស លាន់ពេញបន្ទប់គួរឱ្យខ្លាច។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនាប្រទេសចិន ដែលតាមវីដេអូបានបង្ហាញឱ្យឃើញមានអ្នកហាត់ជាច្រើននាក់ កំពុងតែពន់ពេនទៅតាមកាយវិការយូហ្គា។ ចំណែកឯគ្រូបង្ហាត់ កំពុងតែព្យាយាមសង្កត់ខ្នងរបស់អ្នកហាត់ម្នាក់ ប៉ុន្តែសង្កត់មិនទាន់បានប៉ុន្មានផង ស្រាប់តែឮសូរផសលាន់ពេញបន្ទប់ ហើយអ្នកហាត់រូបនោះ ក៏បញ្ចេញសំឡេងស្រែកដោយក្តីឈឺចាប់។
យ៉ាងណាមិញ មើលទៅទំនងជាគ្រូបង្ហាត់គិតថាមិនអី ទើបនៅព្យាយាមអង្អែលខ្នងអ្នកហាត់មួយសន្ទុះ តែតាមពិតអាការៈធ្ងន់ជាងនេះ គឺអ្នកហាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ព្រោះឆ្អឹងភ្លៅបានបាក់យ៉ាងដំណំ។ មិនតែប៉ុណ្ណោះ អ្នកហាត់រូបនេះ បានចេញថ្លៃព្យាបាលដោយខ្លួនឯង តែក៏បានព្យាយាមទាក់ទងទៅថ្នាក់យូហ្គាខាងលើ ឱ្យមកទទួលខុសត្រូវផងដែរ៕
ប្រភព៖ World Forum