កូនអើយកូន! ឃើញតុក្កតាស្អាតៗចង់បានពេក លួចលូនចូលក្នុងទូរចាប់តុក្កតា មានអីចូលបានតែចេញវិញអត់កើត
មហាជននៅតាមបណ្តាញសង្គមអូស្រ្តាលី កំពុងតែហួសចិត្តជាមួយនឹងរឿងរ៉ាវរបស់ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ ដែលបានលួចលូនចូលទៅក្នុងទូរចាប់តុក្កតា រហូតជាប់នៅក្នុងនោះរាប់សិបនាទី ទម្រាំតែមានប៉ូលិសមកជួយបាន។
ហេតុការណ៍មួយនេះ បានកើតឡើងនាផ្សារទំនើបមួយកន្លែង នាទីក្រុង Queenland ដោយបុរសជាឪពុកបានឱ្យដឹងថា កូនប្រុសពិតជាចូលចិត្តតុក្កតា តែខ្លួនមិននឹកស្មានថាគេនឹងធ្វើដល់ថ្នាក់នេះឡើយ។ បុរសជាឪពុកបានបន្តទៀតថា នៅពេលកើតហេតុនោះ គ្រួសាររបស់ខ្លួនបានទៅទិញទំនិញនៅផ្សារទំនើបខាងលើ ស្រាប់តែគ្រាន់តែបែរខ្លួនមកបន្តិច ងាកទៅវិញស្រាប់តែឃើញកូនប្រុសនៅក្នុងទូរចាប់តុក្កតាបាត់ទៅហើយ។ ហើយខ្លួនក៏បានប្រញាប់ខលទៅរកខាងក្រុមហ៊ុនរបស់ទូរនោះឱ្យជួយផងដែរ តែមើលទៅគេហាក់ស្តាប់មិនយល់ពីរឿងរ៉ាវដែលកើតឡើងសោះ។
យ៉ាងណាមិញ ក្រោយពីជាប់បានមួយសន្ទុះធំ ខាងប៉ូលិសអាជ្ញាធរក៏បានចុះមកជួយអន្តរាគមន៍ ដោយបានទម្លុះទូរតុក្កតានឹងយកក្មេងចេញមកវិញបានសម្រេច។ ចំណែកឯខាងក្រុមហ៊ុន ក៏កំពុងតែរកវិធានការយ៉ាងណា ដើម្បីការពារកុំឱ្យមានហេតុការណ៍ដូចនេះកើតឡើងម្តងទៀតផងដែរ៕