ហួសចិត្ត! អ្នកលក់ត្រីនៅថៃ លេងចាក់សាប៊ូលាងចានចូលត្រីស្រស់ រួចអះអាងថាជួយបន្ថែមអុកស៊ីសែន ឱ្យត្រីរស់បានយូរ
នៅតាមបណ្តាញសង្គមថៃពេលនេះ កំពុងតែមានផ្ទុះប្រធានបទវែកញែកថ្មី ដែលមានបុរសម្នាក់ជាអ្នកលក់ត្រី លេងយកសាប៊ូលាងចានទៅចាក់ចូលត្រី ព្រោះគិតថាជួយបន្ថែមអុកស៊ីសែន ឱ្យត្រីនៅស្រស់រស់បានយូរ។
តាមវីដេអូដែលគេបានចែកចាយនៅក្នុងបណ្តាសង្គម គឺបង្ហាញឱ្យឃើញពីបុរសម្នាក់ បានយកសាប៊ូលាងចានទាំងដប យកទៅចាក់ស្រោចពីលើត្រីរស់ស្រស់ៗដែលនៅក្នុងអាងត្រី ធ្វើឱ្យពួកវាបែកពពុះសស្គុសតែម្តង។ ការធ្វើបែបនេះ ត្រូវបានខាងអ្នកលក់អះអាងថា អាចជួយឱ្យត្រីមិនដាច់អុកស៊ីសែន នៅស្រស់រស់បានយូរ ព្រោះតែសាប៊ូជួយបង្កើនពពុះ។ ម្យ៉ាងសាប៊ូលាងចានគឺវាមានរូបមន្តធម្មជាតិ។
យ៉ាងណាមិញ មហាជនច្រើនណាស់ បាននាំគ្នាវែកញែក ថារឿងនេះពិតជានាំគ្រោះថ្នាក់ដល់អ្នកហូប ព្រោះសាប៊ូជាសារធាតុគីមីដែលមានជាតិកាត់។ ដោយឡែក ក្រោយមកក៏មានអ្នកជំនាញម្នាក់ចេញមកបកស្រាយបន្ថែមថា វាពិតជាមានគ្រោះថ្នាក់ពិតមែន ព្រោះបើត្រីត្រូវលាងមុនហូបមែន តែសារធាតុគីមីវាអាចចូលទៅដល់ក្នុងខ្លួនត្រីបាន។ ដូចនេះហើយ អ្នកហូប គឺគេចមិនផុតពីផលប៉ះពាល់នោះទេ៕