ម៉ាឡេស៊ីចេញច្បាប់ថ្មី ការប្រិចភ្នែកស៊ីញ៉ូដាក់គ្នានៅកន្លែងធ្វើការ ចាត់ចូលជាការបៀតបៀនកេរ្តិ៍ខ្មាស
ថ្មីៗនេះ The Malaysian Bar ដែលជាស្ថាប័នរបស់គ្រប់វិជ្ជាជីវៈច្បាប់របស់ប្រទេសម៉ាឡេស៊ី បានធ្វើកំណែច្បាប់ថ្មី ជាពិសេសគឺច្បាប់នៅកន្លែងធ្វើការ ដោយគ្រាន់តែប៉ប្រិចភ្នែក ឬដើរទៅលេបខាយនៅកន្លែងបុគ្គលណាមួយ ក៏ចាត់ទុកជាការបំពានផ្លូវភេទដែរ។
The Malaysian Bar បានកំណត់សកម្មភាព ៣ ធំៗ ដែលចាត់ទុកចូលទៅជាអំពើបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ គឺការស្នើផលប្រយោជន៍ដើម្បីផ្លូវភេទ ការលូកលាន់ផ្លូវភេទដោយមិនមានការពេញចិត្ត និង ការបង្ខិតបង្ខំផ្លូវភេទ។ ក្នុងនោះ ការស្នើផលប្រយោជន៍ដើម្បីផ្លូវភេទ គឺជាស្នើផលប្រយោជន៍ដើម្បីទទួលបានសកម្មភាពផ្លូវភេទណាមួយជាការដោះដូរ ដូចជាការឡើងតំណែង ការធានាសុវត្ថិភាពនៃការងារជាដើម។
ការលូកលាន់ផ្លូវភេទដោយមិនមានការពេញចិត្ត មានតាមរយៈកាយវិការ ដែលមានដូចជាការប៉ប្រិចភ្នែក ឬកាយវិការដៃ។ ដោយឡែក តាមរយៈពាក្យសម្តីវិញ គឺជាការបញ្ចេញគំនិតមិនសមរម្យទាក់ទងនឹងរូបរាងខាងក្រៅ។ ចំណែកឯការបង្ខិតបង្ខំផ្លូវភេទ គឺជាការដេញចេញ ការបន្ទោសបង្អាប់ក្នុងរឿងការងារ ដោយសារតែមិនបានទទួលផលប្រយោជន៍ក្នុងរឿងផ្លូវភេទ៕