អេហ្ស៊ីប រកឃើញ ២ ករណីដំបូងនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី JN.1 ខណៈកម្ពុជាបានរកឃើញ ៤ ករណី
ក្រសួងសុខាភិបាលប្រទេសអេហ្ស៊ីប បានប្រកាស រកឃើញករណីដំបូងនៃវីរុសបំប្លែងថ្មី JN.1 លើមនុស្ស ២ នាក់។ យ៉ាងណាមិញ ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំង ២ នោះ បច្ចុប្បន្នគឺនឹងនរធម្មតា ដោយមានចេញរោគសញ្ញាផ្លូវដង្ហើមបន្តិចបន្តួច និង មិនទាមទារឱ្យមានការព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។
ក្នុងលិខិតប្រកាសដែលខាងក្រសួងសុខាភិបាលផ្ញើជូនប្រជាពលរដ្ឋក្នុងប្រទេសខ្លួននោះ បានបញ្ជាក់ដែរថា ខាងអាជ្ញាធរនឹងធ្វើការតាមដានឱ្យជាក់លាក់ និង រឹតបន្តឹងលើវិធានការមួយចំនួនបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីនេះ។
ក្នុងនោះដែរ ខាងតំណាងក្រសួងសុខាភិបាល ក៏បានជំរុញឱ្យពលរដ្ឋទាំងអស់ កុំមានការបារម្ភខ្លាំងពេក ចំពោះវីរុសប្រភេទថ្មីនេះ ព្រោះថាបច្ចុប្បន្ន កម្រិតហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីនេះទៅលើសុខភាពសាធារណៈ គឺមិនខ្ពស់នោះឡើយ។ ជាមួយគ្នានោះ ខាងក្រសួង ក៏បានណែនាំឱ្យពលរដ្ឋ មានការថែទាំខ្លួនឱ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងនៃវីរុសនេះ ដូចជាការលាងសម្អាតដៃជាប្រចាំ ដាក់ខ្លួនឱ្យនៅដោយឡែកពីអ្នកជំងឺ ពាក់ម៉ាស់ពេលដែលមានអាការមិនស្រួលខ្លួនណាមួយ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសរកឃើញវីរុសបំប្លែងថ្មី JN.1 លើពលរដ្ឋ ៤ ករណីផងដែរ ដោយពេលនេះបានព្យាបាលជាសះស្បើយហើយ៕