ទំនិញឡើងថ្លៃពេក ពលរដ្ឋនៅជប៉ុននាំគ្នាសម្រុកទៅទិញអាហារ សូម្បីទំនិញហួសដឺឡេក៏ទិញមកប្រើប្រាស់វិញ
ចំណីអាហារហួសកាលបរិច្ឆេទកំណត់ ឬ មិនត្រូវតាមស្ដង់ដារ ដែលត្រូវបានដាក់លក់ក្នុងតម្លៃថោកៗខ្លាំងនៅតាមផ្សារទំនើបនានា កំពុងក្លាយជាទំនិញត្រូវប៉ាន់ខ្លាំងសម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសជប៉ុន។
ជាក់ស្ដែង ផ្សារទំនើបមួយឈ្មោះ Ecolo Marches ដែលជាផ្សារបញ្ចុះតម្លៃមួយស្ថិតនៅតំបន់ Adachi ក្រុងតូក្យូ ប្រទេសជប៉ុន មានដាក់លក់ផលិតផល និង ទំនិញជាច្រើនដែលហួសកាលបរិច្ឆេទកំណត់។ ផ្សារទំនើបមួយនេះដែរ បានបើកតាំងពីឆ្នាំ ២០១៩ មក ដែលលក់សូកូឡាក្នុងតម្លៃ ១៥ យេន ទឹកសុទ្ធក្នុងតម្លៃ ១១ យេន និង មុនម្ហូបសាឡាត់ក្នុងតម្លៃ ៥៩ យេន ខណៈផ្សារទំនើបអនឡាញ Rakuten ដាក់លក់សូកូឡាមួយដុំតម្លៃ ២៦០ យេន ទឹកសុទ្ធ ១៣០ យេន និង ម្ហូបសាឡាត់តម្លៃ ២៧០ យេន។
បើតាមការបញ្ជាក់ពី Yusuke Ogata ដែលជាម្ចាស់ផ្សារទំនើប Ecolo Marches បាននិយាយថា ចាប់តាំងពីរដូវស្លឹកឈើជ្រុះមក តម្លៃទំនិញគឺចាប់ផ្ដើមឡើងថ្លៃខ្លាំង ធ្វើឱ្យការចំណាយរបស់ពលរដ្ឋជាមធ្យមកើនឡើងពី ១.៥ ទៅ ២ ដង។
គួរបញ្ជាក់ផងដែរថា បើតាមភ្នាក់ងារសុវត្ថិភាពចំណីអាហារប្រចាំសហរដ្ឋអាមេរិក ជប៉ុន និង សិង្ហបុរី បានឱ្យដឹងថា សុវត្ថិភាពនៃផលិតផលចំណីអាហារ គឺមិនមែនពឹងផ្អែកទាំងស្រុងលើកាលបរិច្ឆេទកំណត់នោះឡើយ។ ជាក់ស្ដែង ក្រដាសសម្គាល់ «ល្អបំផុតមុនកាលបរិច្ឆេទ» (best before date) គឺសម្រាប់អាហារណាដែលទុកបានយូរ និង ជាការកំណត់ថា អាហារមានគុណភាពល្អបំផុតនៅពេលណា។ យ៉ាងណាមិញ ចំពោះក្រដាសសម្គាល់ «ថ្ងៃផុតកំណត់» គឺដាក់លើអាហារណាដែលងាយខូចគុណភាព ដូចជាទឹកដោះគោ និង ទឹកដោះគោជូរ ដែលអ្នកទទួលទាន ណែនាំមិនឱ្យប្រើប្រាស់លើសថ្ងៃដែលកំណត់លើការវិចខ្ចប់នោះ៕