ឆ្លាតស្អាតពូកែ! ប្រវត្តិ Chef Nak មុនក្លាយជាចុងភៅឆ្នើមបង្កើតសៀវធ្វើម្ហូបខ្មែរ រហូតឈ្នះពានរង្វាន់អូស្ការលំដាប់ពិភពលោក
មានភក្តីភាពទៅលើម្ហូបខ្មែរ និង មហិច្ឆតាផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈម្ហូបជាតិរបស់ខ្លួន ចុងភៅ រស់ រតនៈ ដែលត្រូវបានគេស្គាល់ថា ចុងភៅ ណាក់ ឬ Chef Nak បានចាប់ផ្តើមអាជីពចុងភៅជាមួយបេសកកម្មរបស់ខ្លួនគឺដើម្បីអភិរក្ស និង លើកកម្ពស់ម្ហូបខ្មែរនៅក្នុងប្រទេសកម្ពុជា និង នៅជុំវិញពិភពលោក ព្រមទាំងបំផុសគំនិត និង កត់ចំណាំជាមួយការច្នៃប្រតិដ្ឋថ្មីបន្ថែមទៀតនៅក្នុងសិល្បៈធ្វើម្ហូប។
ដំណើរដើមទងមុនក្លាយជាចុងភៅអាជីព ក្រោយលាលែងការងារពីអង្គការមួយនៅក្នុងឆ្នាំ ២០១៧ អ្នកនាង រស់ រតនៈ បានចាប់ផ្តើមទៅលើការចម្អិនម្ហូបខ្មែរ និង បើកកន្លែងផ្តល់សេវាកម្មអាហារលក្ខណៈជាក្រុមបែបប្រណីតនៅផ្ទះឈើរបស់អ្នកនាងហៅថា «Chef Nak Luxury Home Dining» មានទីតាំងនៅក្បែរទន្លេមេគង្គ ភាគខាងជើងនៃរាជធានីភ្នំពេញ។ គ្រានោះអ្នកនាងបានចាប់ផ្តើមទន្ទឹមគ្នានឹងការចងក្រងសៀវភៅធ្វើម្ហូប ដោយបានធ្វើដំណើរទៅតាមទីជនបទនានាក្នុងប្រទេសកម្ពុជាដើម្បីសិក្សាស្វែងយល់ កត់ត្រាគ្រឿងផ្សំ និង របៀបធ្វើម្ហូបខ្មែរ រហូតបានបោះពុម្ពផ្សាយសៀវភៅធ្វើម្ហូបដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ ក្រោមចំណងជើង «ញុំា» មានជាភាសាខ្មែរ និង អង់គ្លេស។
មកដល់ឆ្នាំ ២០២៣ ចុងភៅដែលជាភរិយាពោរពេញទៅដោយក្តីស្រឡាញ់ និង ជាអ្នកម្តាយនៃកូនប្រុសពីរនាក់រូបនេះ បានអភិវឌ្ឍនផ្ទះដែលជាកន្លែងផ្តល់សេវាកម្មទទួលទានអាហាររបស់ខ្លួនកាន់តែធំជាងមុន ដោយនាំយកផ្ទះខ្មែរបុរាណចំនួនពីរ មួយមកពីខេត្តបាត់ដំបង និង មួយទៀតមកពីខេត្តសៀមរាប រៀបចំសាងសង់ឡើងវិញនៅក្នុងទីតាំងរបស់ខ្លួនដើម្បីផ្តល់បទពិសោធដល់ភ្ញៀវកាន់តែពិសេសឡើង។
ចំណែកឯសៀវភៅធ្វើម្ហូបវិញ បន្ទាប់ពីដាក់លក់នៅតាមបណ្តា ៤០ ប្រទេស ប្រកបដោយភាពជោគជ័យ អ្នកនាងបានបញ្ចេញសៀវភៅថ្មីមួយទៀតកាលពីខែមិថុនាក្រោមជំណងជើង «សោយ» ឬ «SAOY-Royal Cambodian Home Cuisine» ដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ ចក្ខុវិស័យរបស់អ្នកនាង រស់ រតនៈ ក្នុងនាមជាចុងភៅ គឺសិល្បៈធ្វើម្ហូបខ្មែរមានការទទួលស្គាល់ និង ល្បីល្បាញពាសពេញពិភពលោក។
ជាស្ត្រីមែនពិត តែអ្នកនាង រស់ រតនៈ ហាក់បំពេញតួនាទីច្រើន ជាភរិយាផង ជាម្តាយផង និង មានអាជីពជាចុងភៅផង ដែលនេះអាចថាខ្លាំងជាងបុរសទៅទៀត។ អ្នកនាងត្រូវបានគេចាត់ទុកជាមេចុងភៅស្រីល្បីឈ្មោះដំបូងគេនៅកម្ពុជា ដែលមានបេសកកម្មអភិរក្សម្ហូបខ្មែរ និង នាំយកម្ហូបខ្មែរទៅកាន់ឆាកពិភពលោក រហូតកាលពីថ្មីៗនេះ សៀវភៅធ្វើម្ហូបមានចំណងជើង «សោយ» ដែលបង្កើតឡើងដោយចុងភៅស្រីរូបនេះ បានឈ្នះរង្វាន់ Gourmand Award ជាសៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា «ពានរង្វាន់អូស្ការ» ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ។
ខណៈចុងភៅនៅផ្ទះភាគច្រើនជាស្ត្រី រីឯថ្វីដៃចុងភៅអាជីពក្នុងវិស័យភោជនាហារភាគច្រើនជ្រើសរើសជាបុរស អ្នកនាង រស់ រតនៈ បានលើកឡើងថា ៖ «ខ្ញុំដឹងថាវាអាចមានភាពលម្អៀងដែលស្ត្រីយើងប្រឈមនៅក្នុងឧស្សាហកម្មនេះ ប៉ុន្តែវាជារឿងដ៏សំខាន់ដែលយើងទាំងអស់គ្នាត្រូវក្រោកឈរឡើងដើម្បីលើកកម្ពស់ភាពស្មើគ្នា និង ផ្តល់ឱកាសដល់ស្ត្រីដែលមានបំណងចង់ក្លាយជាចុងភៅអាជីពឱ្យរីកចម្រើន»។
អ្នកនាងបន្ថែមទៀតថា ៖ «អ្នកគ្រប់គ្នាគួរតែមានសេរីភាពក្នុងការជ្រើសរើសវិថីអាជីពរបស់ខ្លួនទៅតាម មហិច្ឆតា ជំនាញ ចំណង់ចំណូលចិត្ត និង ការស្រឡាញ់របស់ពួកគេដោយមិនគិតទៅលើភេទ។ ស្ត្រីដែលជ្រើសរើសអាជីពក្លាយជាចុងភៅ ពួកគេនឹងនាំយកនូវទស្សនៈពិសេសដោយឡែក ភាពច្នៃប្រតិដ្ឋ និង ទេពកោសល្យមកកាន់តុអាហារ រួមជាមួយមុខម្ហូបទៅតាមបទពិសោធនរៀងៗខ្លួន។ គួរឱ្យដឹងថា នៅទីបំផុតអ្វីដែលជាចំណុចសំខាន់បំផុតគឺ ជំនាញ ការលះបង់ និង ក្តីស្រឡាញ់របស់បុគ្គលដែលនាំទៅកាន់ជំនាញវិជ្ជាជីវៈរបស់ពួកគេ ដោយមិនមែនគិតទៅលើភេទរបស់ពួកគេនោះទេ»៕