អាជ្ញាធរថៃក្របួចបានជនជាតិចិនបន្លំសុំទាន ៦ នាក់ ម្នាក់ៗសុំបានមួយថ្ងៃខ្ទង់រយដុល្លារ
ថ្មីៗនេះ អាជ្ញាធរនាប្រទេសថៃ បានក្របួចជនជាតិចិនចំនួន ៦ នាក់ ដែលបន្លំធ្វើជាអ្នកសុំទាននៅកន្លែងផ្សេងៗតាមទីក្រុង រកចំណូលបានមិនតិចជាងក្រោមខ្ទង់រយដុល្លារក្នុងមួយថ្ងៃ។
តាមព័ត៌មានបានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ខាងប៉ូលិសអាជ្ញាធររបស់ថៃបានរកឃើញថា មានករណីជនជាតិចិនមួយចំនួន មកបន្លំខ្លួនជាអ្នកសុំទាន។ ក្នុងនោះ ទាំងអស់មានចំនួន ៦ ករណី សរុប ៦ នាក់ ដែលម្នាក់ៗត្រូវបានអាជ្ញាធរចាប់បានបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នានៅក្នុងទីក្រុងបាងកក។
ក្រោយពេលសាកសួរ ជនទាំង ៦ នាក់នោះ អ្នកខ្លះក៏ឆ្លើយថាមកក្នុងប្រទេសថៃ ដោយវីសាអ្នកទេសចរណ៍ លុះផុតកំណត់ទៅគ្មានលុយបន្ត ទើបមានអ្នកណែនាំមកឱ្យសុំទានបែបនេះ ហើយក្នុងមួយថ្ងៃៗសុំបានច្រើនបំផុត គឺជិត ៣០០ ដុល្លារឯណោះ។
ជាពិសេសនោះ គឺម្នាក់ៗសុទ្ធតែមានស្លាកស្នាមពេញមុខ ពេញខ្លួន ដែលសួរនាំទៅសុទ្ធតែឆ្លើយថាធ្លាប់ជួបហេតុការណ៍ភ្លើងឆេះ តែដល់សួរលម្អិតមិនមានអ្នកឆ្លើយនោះទេ។ យ៉ាងណាមិញ ជនទាំង ៦ នាក់នេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនទុកសិន ព្រមទាំងកំពុងតែស៊ើបមើលបន្តទៀតថា នឹងមានករណីបន្ទាប់ទៀតឬយ៉ាងណា៕