
ចោរស្ទើរភ្លើង ចូលលួចផ្ទះគេ បែរជាទៅដេកលក់ស្រមុកឮៗ រហូតភ្ញាក់ម្ចាស់ផ្ទះហៅប៉ូលិសមកក្របួចជាប់
ថ្មីៗនេះ មានរឿងរ៉ាវដ៏ហួសចិត្តមួយបានកើតឡើងក្នុងប្រទេសចិន ដោយមានចោរស្ទើរភ្លើងម្នាក់ បានលួចចូលក្នុងផ្ទះគេ ពួនក្នុងបន្ទបទុកចោលមួយ រួចក៏ដេកលក់ រហូតស្រមុកឮៗ ផ្អើលភ្ញាក់ដល់ម្ចាស់ផ្ទះ ទាក់ទងទៅប៉ូលិសមកចាប់ខ្លួន។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីថ្ងៃទី ០៨ ខែវិច្ឆិកា កន្លងទៅ ដោយជនសង្ស័យជាចោរមានត្រកូល Duong បានលួចចូលក្នុងផ្ទះរបស់ស្ត្រីម្នាក់នៅក្នុងខេត្ត Yunnan ប្រទេសចិន។ ពេលលួចចូលទៅនោះ រូបគេឮសំឡេងជជែកគ្នា ក៏សម្រេចចិត្តដើរលបៗទៅពួនក្នុងបន្ទប់ទុកចោលមួយ ដោយរង់ចាំរហូតម្ចាស់ផ្ទះចូលគេង អាងចេញធ្វើសកម្មភាពលួច។
យ៉ាងណាមិញ ខណៈរង់ចាំនោះ រូបគេក៏ជក់បារីមួយដើម រួចក៏មានអារម្មណ៍ថាងងុយ ក៏ដេកលក់បាត់ទៅ។ ងាកមកម្ចាស់ផ្ទះវិញ ខណៈកំពុងគេងជាមួយកូនរបស់នាង សុខៗស្រាប់តែឮសំឡេងស្រមុក ដោយដំបូងគិតថា ប្រហែលឮមកពីផ្ទះអ្នកជិតខាង ប៉ុន្តែពេលចេញក្រៅបន្ទប់ ដើម្បីលាងដបទឹកដោះគោកូន នាងក៏ស្រាប់តែចាប់អារម្មណ៍ថា សំឡេងស្រមុកនោះ ឮកាន់តែខ្លាំងទៅៗ ចេញពីបន្ទប់មួយទៀតក្នុងផ្ទះនាង។
សង្ស័យខ្លាំង នាងក៏ដើរលបៗទៅបើកទ្វារមើល ហើយក៏ភ្ញាក់ព្រើត ក្រោយឃើញជនប្លែកមុខម្នាក់ កំពុងដេកលក់នៅលើឥដ្ឋ។ នាងប្រញាប់ចេញមកក្រៅ ទាក់ទងទៅគ្រួសារនាង មុនទាក់ទងទៅប៉ូលិសតាមក្រោយ។ ប៉ូលិសបានមកដល់ រួចក៏ឃាត់ខ្លួនចោររូបនោះនៅនឹងកន្លែង។ គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីខាងប៉ូលិស បុរសជាចោរខាងលើ គឺធ្លាប់ជាប់គុកម្ដងរួចមកហើយ កាលពីឆ្នាំ ២០២២ ដោយរូបគេត្រូវបានដោះលែងកាលពីខែកញ្ញា កន្លងទៅ៕