
ត្រៀមស្ដាប់លទ្ធផល! ព្រឹកមិញ គណៈកម្មការមមាញឹកស្រង់ បូក និង ផ្ទៀងផ្ទាត់ពិន្ទុកិច្ចការបេក្ខជនបាក់ឌុប
នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសកម្មភាពមមាញឹកនៃដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
តាមរយៈក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងថា សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ កំពុងមានភាពមមាញឹកក្នុងការបំពេញភារកិច្ច ស្រង់ បូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយភាពស្ងប់ស្ងាត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលអាចធានាបាននូវការប្រឡងគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទន្ទឹមគ្នានេះ បើតាមការឱ្យដឹងបន្ថែមពីក្រសួងអប់រំ បន្ទប់នីមួយៗនៃការងារស្រង់ បូកពិន្ទុដោយកុំព្យូទ័រនេះ មានបំពាក់ដោយកាមេរ៉ាសុវត្ថិភាព និងស្ថិតក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕
ប្រភព ៖ Moeys